ប្រវត្តិសាស្ត្រថ្មី! អូស្ត្រាលីលក់បច្ចេកវិទ្យារ៉ាដាចាប់មីស៊ីលទំនើបឱ្យកាណាដា តម្លៃជិត ២ ពាន់លានដុល្លារ
22-06-2026 11:04
(បរទេស)៖ អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងនាំចេញវិស័យការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន តាមរយៈការលក់បច្ចេកវិទ្យារ៉ាដា (Over-the-Horizon) ក្នុងតម្លៃ ១,៧៥ ពាន់លានដុល្លារ ឱ្យទៅប្រទេសកាណាដា។ នេះជាលើកដំបូងដែលអូស្ត្រាលីលក់បច្ចេកវិទ្យាដ៏ទំនើបនេះទៅក្រៅប្រទេស ដែលមានសមត្ថភាពអាចចាប់សញ្ញា និងតាមដានយន្តហោះ នាវា ក៏ដូចជាមីស៊ីលបានក្នុងចម្ងាយរហូតដល់ ៣.០០០ គីឡូម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា៖ «កិច្ចព្រមព្រៀងនាថ្ងៃនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មការពារជាតិរបស់អូស្ត្រាលី និងជាការបង្កើតគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសកាណាដា»។ គម្រោងនេះនឹងបង្កើតការងារថ្មីៗប្រមាណ ៣០០ កន្លែងនៅក្នុងប្រទេសអូស្ត្រាលីថែមទៀត។
សម្រាប់ប្រទេសកាណាដា ប្រព័ន្ធរ៉ាដានេះនឹងក្លាយជាខែលការពារដ៏សំខាន់សម្រាប់តំបន់អាកទិក ដែលគ្របដណ្ដប់លើផ្ទៃដីរហូតដល់ ៤០% នៃប្រទេសរបស់ខ្លួន។ លោក Stephen Fuhr លេខាធិការរដ្ឋទទួលបន្ទុកលទ្ធកម្មការពារជាតិកាណាដា បានបញ្ជាក់ថា៖ «គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងសមត្ថភាពរបស់កាណាដាក្នុងការត្រួតពិនិត្យ ស្វែងយល់ និងឆ្លើយតបទៅនឹងសកម្មភាពនានានៅក្នុងតំបន់អាកទិក»។
គួរជម្រាបថា ការសម្រេចចិត្តនេះកើតឡើងចំពេលដែលតំបន់អាកទិកកំពុងក្លាយជាចំណុចយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏រសើប ដោយសារតែវាមានព្រំប្រទល់ជាប់នឹងតំបន់អាកទិករបស់រុស្ស៊ី។ ការបំពាក់បច្ចេកវិទ្យាពីអូស្ត្រាលីនេះ នឹងជួយឱ្យកាណាដាអាចគ្រប់គ្រងតំបន់ដាច់ស្រយាលដែលកង្វះហេដ្ឋារចនាសម្ព័ន្ធនេះបានកាន់តែមានប្រសិទ្ធភាព៕










