ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា កក់សំបុត្រយន្ដហោះទៅប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
22-06-2026 13:14
(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា (E-Sports) វិញ្ញាសា MLBB បានកក់សំបុត្រយន្ដហោះត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុនហើយ ក្រោយធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ាន កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅក្នុងការប្រកួតជម្រុះកីឡាអាស៊ី ប្រចាំតំបន់អាស៊ានខាងលើ គឺមានបេក្ខភាព ៨ក្រុមចូលរួម រួមមានកម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ឡាវ និងម្ចាស់ផ្ទះសិង្ហបុរី។ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែមិថុនា ក្រុមអ្នកចម្បាំងអង្គរ ធ្វើបានយ៉ាងល្អ ក្រោយឆ្លងកាត់ ៧ប្រកួត ឈ្នះ ៦ និងចាញ់ ១ ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ក្នុងតំបន់។
ដោយការប្រកួតជម្រុះតំបន់អាស៊ាន គេតម្រូវយកបេក្ខភាព ៥ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រកីឡាអាស៊ាន ដូច្នេះក្រុម E-Sports កម្ពុជា រួមជាមួយបេក្ខភាព ៤ក្រុមទៀត គឺមានក្រុមជម្រើសជាតិហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា បានទទួលកៅអីកីឡាអាស៊ី លើកទី២០ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុនដូចគ្នា ក្នុងចំណោមបេក្ខភាព ១២ក្រុម។ រីឯ ៧ក្រុមផ្សេងទៀត ដែលបានឆ្លងកាត់ការប្រកួតជម្រុះនៅតំបន់ ៣ផ្សេងគ្នារួមមាន៖
ក្រុមជាប់វគ្គជម្រុះប្រចាំតំបន់អាស៊ីខាងលិច មាន ៣ក្រុម គឺមានអារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និងអ៊ីរ៉ង់។
ក្រុមជាប់វគ្គជម្រុះប្រចាំតំបន់អាស៊ីកណ្តាលមាន ២ក្រុម គឺមានកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន។
ក្រុមជាប់វគ្គជម្រុះប្រចាំតំបន់អាស៊ីខាងត្បូង និងខាងកើត មាន ៣ក្រុម គឺមានម៉ុងហ្គោលី, ហុងកុង និងចិន។
សម្រាប់បេក្ខភាពទាំង ១២ក្រុមនេះ នឹងត្រូវជួបគ្នាក្នុងព្រឹត្តិការណ៍កីឡា Asian Games លើកទី២០ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង Aichi–Nagoya ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦៕






