តេជោលីគ ជុំទី២ កក្រើកខ្លាំងរហូតគ្មានកន្លែងអង្គុយទស្សនា ខណៈបញ្ជាការដ្ឋានអង្គរក្ស ស្គាល់ចាញ់ក្រោមថ្វីដៃវិសាខា
22-06-2026 13:31
(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ «តេជោលីគ» រដូវកាលទី៣ ជុំទី២ ពិតជាបានបង្កនូវការភ្ញាក់ផ្អើល និងកក្រើកជាខ្លាំង រហូតទាក់ទាញអ្នកគាំទ្រចូលទស្សនាពេញរកកន្លែងអង្គុយគ្មាន នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ពិសេសជំនួបក្រុមខ្លាំង ប៉ះខ្លាំង ដែលវិសាខាបានយកឈ្នះក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-០សិត នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។
នេះគឺជាការបរាជ័យលើកដំបូងរបស់ក្រុមការពារជើងឯក ក្រោយឆ្លងកាត់ ១០ប្រកួត ក្នុងរដូវកាលឆ្នាំ២០២៦ បន្ទាប់ពីបញ្ជាការដ្ឋានអង្គរក្សបានឈ្នះ ៧ប្រកួតពេញកាលពីជុំទី១ ហើយបន្ដយកឈ្នះប្រកួតទី១ និងទី២ នៅជុំទី២ មុនចាញ់វិសាខា ៣-០សិត ជាមួយពិន្ទុ ២៥-១៩, ២៦-២៤ និង ២៥-១៨ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿថា វិសាខា អាចបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមជើងឯក ២សម័យដោយងាយបែបនេះ។
បន្ទាប់ពីក្លិបមួយចំនួនបានផ្លាស់ប្ដូរកីឡាករថ្មីៗ ទាំងខ្មែរ និងបរទេស បានធ្វើឲ្យព្រឹត្តិការណ៍តេជោលីគ ជុំទី២ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពិសេសវិសាខា ដែលបាននាំចូលកីឡាករអាមេរិក ប្រេស៊ីល បារាំង និង វឿន វាសនា មកពង្រឹងក្រុម កំពុងធ្វើបានយ៉ាងល្អ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា និងរកបាន ៨ពិន្ទុ ឈរកំពូលតារាង គ្រាដែលបញ្ជាការដ្ឋានអង្គរ បានធ្លាក់ទៅឈរលេខ៣ ក្រោយស្គាល់បរាជ័យលើកដំបូង មាន ៦ពិន្ទុ តាមពីក្រោយក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរលេខ២ មាន ៧ពិន្ទុ។
សូមរំឮកថា ក្រោយបញ្ចប់ការប្រកួតជុំទី១ បេក្ខភាពចំនួន ៦ក្រុម ដែលឡើងមកប្រកួតជុំទី២ នៃព្រឹត្តិការណ៍បាល់ទះដ៏ធំនៅកម្ពុជានេះ ត្រូវបន្ដការប្រកួតវិលជុំសន្សំពិន្ទុឡើងវិញ។ បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៤ (Top-4) នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែង ដោយក្រុមឈរលេខ១ ត្រូវជួបក្រុមឈរលេខ៤ និងក្រុមឈរលេខ២ ជួបក្រុមឈរលេខ៣ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រកួតកាត់សេចក្ដីនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
បច្ចុប្បន្នវិសាខា គឺជាក្រុមដំបូងគេ ដែលបានកក់កៅអី Top-4 ខណៈ ៣ក្រុមផ្សេងទៀត ត្រូវរង់ចាំអ៊ុតការប្រកួតដែលសេសសល់នៅជុំទី២៕











