ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងវិស័យបច្ចេកវិទ្យា៖ ក្រុមហ៊ុន SK Hynix បានវ៉ាដាច់ Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង
22-06-2026 14:42
(សេអ៊ូល)៖ នៅក្នុងការជួញដូរភាគហ៊ុននាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបកូរ៉េខាងត្បូង SK Hynix បានហក់ឡើងវ៉ាដាច់ក្រុមហ៊ុនយក្ស Samsung Electronics ជាបណ្ដោះអាសន្ន ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនមានតម្លៃបំផុត និងធំជាងគេបង្អស់នៅលើទីផ្សារភាគហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង (KOSPI)។
ការផ្លាស់ប្តូរតំណែងជើងឯកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មានទាល់តែសោះ ក្នុងរយៈពេលជិត២៦ឆ្នាំមកនេះ ដ្បិតអីក្រុមហ៊ុន Samsung Electronics បានគ្រងតំណែងជាកំពូលក្រុមហ៊ុនមានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតប្រចាំប្រទេស (Bellwether Stock) ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០០ មកម្ល៉េះ។ សម្រាប់ក្រុមហ៊ុន SK Hynix តម្លៃភាគហ៊ុនបានហក់ឡើង ៥.៧% ដែលធ្វើឱ្យតម្លៃទីផ្សារ (Market Capitalization) របស់ក្រុមហ៊ុននេះកើនឡើងដល់ ២.០៨២,៥ ទ្រីលីនវ៉ុន (ប្រមាណ ១,៣៥ ទ្រីលីនដុល្លារអាមេរិក)។ ងាកមក Samsung Electronics តម្លៃភាគហ៊ុនបានកើនឡើងត្រឹមតែ ០.៤% ប៉ុណ្ណោះ ដោយរក្សាតម្លៃទីផ្សាររបស់ខ្លួននៅត្រឹម ២.០៨១,៣ ទ្រីលីនវ៉ុន (គិតតែលើភាគហ៊ុនសាមញ្ញ ដោយមិនរាប់បញ្ចូលភាគហ៊ុនអាទិភាព - Preferred Shares នោះទេ)។
ការកើនឡើងយ៉ាងគំហុករបស់ SK Hynix គឺដោយសារតែការផ្ទុះឡើងនៃតម្រូវការផ្នែក បញ្ញាសិប្បនិម្មិត (AI) នៅទូទាំងពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់សហរដ្ឋអាមេរិកបានសម្រុកបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) ដែលធ្វើឱ្យតម្រូវការបន្ទះឈីបអង្គចងចាំល្បឿនលឿនមានការកើនឡើងយ៉ាងខ្លាំង និងរុញច្រានឱ្យតម្លៃឈីបហក់ឡើងខ្ពស់។ SK Hynix ត្រូវបានគេស្គាល់ថាជាដៃគូផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (High-Bandwidth Memory - HBM) ដ៏ចម្បងបំផុតឱ្យទៅក្រុមហ៊ុន Nvidia ដែលជាស្តេចត្រាញ់ក្នុងវិស័យបន្ទះឈីប AI។ ដោយសារតែឱកាសមាសនេះ ភាគហ៊ុនរបស់ SK Hynix បានហក់ឡើងជាង ៣៤០% នៅក្នុងឆ្នាំ២០២៦ នេះតែមួយគត់ ពោលគឺលឿនជាងការកើនឡើង ២០០% របស់ Samsung Electronics។ កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន SK Hynix ក៏ទើបតែបានឈានជើងចូលក្នុងក្លឹបក្រុមហ៊ុនដែលមានតម្លៃជាង ១ទ្រីលីនដុល្លារ ផងដែរ។
អ្នកវិភាគបានលើកឡើងថា រចនាសម្ព័ន្ធទីផ្សារភាគហ៊ុនកូរ៉េខាងត្បូងដែលធ្លាប់តែដឹកនាំដោយ Samsung ជិតមួយជំនាន់មនុស្សមកហើយនោះ ពេលនេះបានឈានចូលដល់របត់ថ្មីមួយហើយ ដោយសារតែភាពវៃឆ្លាតរបស់ SK Hynix ក្នុងការក្តោបក្តាប់ទីផ្សារឈីប AI មុនគេបង្អស់៕









