ក្រុមហ៊ុនបច្ចេកវិទ្យា គ្រីបតូ និងទូរគមនាគមន៍យក្សជាច្រើន រួមដៃគ្នា «បោសសម្អាត» ការជួញដូរសត្វព្រៃខុសច្បាប់
23-06-2026 08:52
(បរទេស)៖ ក្រុមក្រុមហ៊ុនបច្ចេកវិទ្យា គ្រីបតូ និងអាជីវកម្មអន្តរជាតិឈានមុខគេជាច្រើន បានប្រកាសពីផែនការរួមគ្នាមួយ ដើម្បីជួយលុបបំបាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងពិភពលោក។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចមួយ ដែលរៀបចំឡើងដោយព្រះអង្គម្ចាស់ William និងមូលនិធិរាជវង្ស (The Royal Foundation) តាមរយៈអង្គការ United for Wildlife នៅក្នុងអំឡុងសប្តាហ៍សកម្មភាពអាកាសធាតុទីក្រុងឡុងដ៍ (London Climate Action Week)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស រួមមាន Google, Meta, TikTok និង Alibaba ដែលក្តោបក្តាប់ចំណែកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ១ ភាគ ៥ នៃសកលលោក និងគ្របដណ្តប់អ្នកប្រើប្រាស់បណ្តាញសង្គមរហូតដល់ ៩០% ជុំវិញពិភពលោក បានប្តេជ្ញាចិត្តបញ្ចប់ការជួញដូរខុសច្បាប់នៅលើ Platforms របស់ពួកគេ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីស្វែងរក និងទប់ស្កាត់រាល់ការបង្ហោះលក់សត្វព្រៃ។
ជាមួយគ្នានេះ វិស័យហិរញ្ញវត្ថុ និងទូរគមនាគមន៍ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់ផ្តាច់ផ្លូវដកដង្ហើមរបស់ក្រុមឧក្រិដ្ឋជនផងដែរ។ ក្រុមហ៊ុនទូរគមនាគមន៍ធំៗដូចជា Vodafone, Vodacom និង Safaricom នឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រព័ន្ធប្រឆាំងការលាងលុយកខ្វក់ និងតាមដានរាល់ប្រតិបត្តិការសង្ស័យនៅលើបណ្តាញផ្ទេរប្រាក់តាមទូរស័ព្ទដៃ M-Pesa។ ចំណែកឯក្រុមហ៊ុនគ្រីបតូ ក្រុមហ៊ុនវិភាគបច្ចេកវិទ្យា Blockchain និងក្រុមហ៊ុនទូទាត់ប្រាក់ រួមមាន PayPal, TRM Labs, Chainalysis និង Luno ក៏បានប្តេជ្ញាចិត្តរួមគ្នាក្នុងការរំខាន និងកាត់ផ្តាច់រាល់លំហូរហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការជួញដូរនេះ។ បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍ British Airways និងព្រលានយន្តហោះ Heathrow ក៏បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងពីបញ្ហានេះផងដែរ។
ការរួមដៃគ្នាយ៉ាងទូលំទូលាយពីវិស័យឯកជននៅពេលនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានបង្ហាញថា ការជួញដូរសត្វព្រៃខុសច្បាប់បានបង្កើតទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២៣ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយកំពុងរុញច្រានប្រភេទសត្វ និងរុក្ខជាតិប្រមាណ ១ លានប្រភេទឱ្យប្រឈមនឹងការផុតពូជពីភពផែនដី។
ជុំវិញការបោះជំហានដ៏ធំមួយនេះ លោក David Fein សហប្រធាននៃអង្គការ United for Wildlife បានគូសបញ្ជាក់ថា៖«អ្វីដែលយើងបានឃើញពីវិស័យឯកជននាពេលបច្ចុប្បន្ននេះ គឺការទទួលស្គាល់ថា ការជួញដូរសត្វព្រៃខុសច្បាប់ មិនត្រឹមតែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាអាជីវកម្មផងដែរ»៕











