* ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាដៃយើងស្ពឹក ពេលដេកសង្កត់យូរលើវា?
* កម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍ Asian Games នៅជប៉ុន, បណ្ដោះអាសន្នកម្ពុជាឈ្នះមេដាយ ៤គ្រឿង
* កក្រើកទឹកដីអង្គរ! មនុស្សជាង ១ម៉ឺននាក់ រត់កាត់អ័ព្ទទាំងព្រឹកព្រលឹម ទៅទទួលមួកស្លឹកត្នោត គយគន់ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត
* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម

សម្ព័ន្ធ Five Eyes ព្រមានពីហានិភ័យ AI ជំនាន់ថ្មី ដែលអាចជួយក្រុម Hacker វាយប្រហារក្នុងពេលដ៏ខ្លី

23-06-2026 10:43

(បរទេស)៖ សម្ព័ន្ធការសម្ងាត់ «Five Eyes» ដែលរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលសេឡង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រមានថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ហៀបនឹងពង្រឹងសមត្ថភាពក្រុម Hacker ក្នុងការវាយប្រហារប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា៖ «ម៉ូឌែល AI កម្រិតខ្ពស់ (Frontier AI) ត្រូវបានរំពឹងថានឹងមានសមត្ថភាពហួសពីការស្មានរបស់វិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន ដែលវានឹងផ្លាស់ប្តូរជាមូលដ្ឋានទាំងសមត្ថភាពវាយប្រហារ និងសមត្ថភាពការពារសាយប័រ។ ពេលវេលាគិតគូររឿងនេះ មិនមែនរាប់ឆ្នាំទៀតទេ គឺគិតជារាប់ខែតែម្តង»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ក្រុមមន្ត្រីបានណែនាំឱ្យស្ថាប័ននានាប្រញាប់ជួសជុលចន្លោះប្រហោងកម្មវិធី (Software) និងកាត់បន្ថយការដាក់ប្រព័ន្ធសំខាន់ៗនៅលើបណ្តាញអ៊ីនធឺណិតបើមិនចាំបាច់។ ទន្ទឹមនឹងនេះ សម្ព័ន្ធ Five Eyes ក៏បានជំរុញឱ្យអ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ចេះទាញយកអត្ថប្រយោជន៍ពី AI មកវិញ «ដើម្បីពង្រឹងការការពារ» តាមរយៈការស្វែងរកចំណុចខ្សោយ និងឆ្លើយតបទៅនឹងការវាយប្រហារឱ្យបានលឿនជាងមុន។

គួរជម្រាបថា ការព្រមានដ៏ក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងលើម៉ូឌែល AI ទំនើបៗ ដូចជា «Mythos» របស់ក្រុមហ៊ុន Anthropic និង «GPT-5.5-Cyber» របស់ក្រុមហ៊ុន OpenAI ដែលគេដឹងថាអាចជួយឱ្យអ្នកប្រើប្រាស់បង្កើតការវាយប្រហារសាយប័រដ៏ស្មុគស្មាញបានយ៉ាងរហ័ស។ កាលពីដើមខែនេះ ក្រុមហ៊ុន Anthropic ត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជាឱ្យផ្អាកការផ្តល់សិទ្ធិប្រើប្រាស់ម៉ូឌែល Mythos ដល់ជនបរទេស ដោយសារបារម្ភពីសន្តិសុខជាតិ។ ជាមួយគ្នានេះ ទីភ្នាក់ងារការពារសន្តិសុខសាយប័រអាមេរិក (CISA) ក៏បានកាត់បន្ថយឱសានវាទ បង្ខំឱ្យមន្ត្រីរដ្ឋាភិបាលដោះស្រាយរាល់ចន្លោះប្រហោងឌីជីថលក្នុងប្រព័ន្ធរបស់ខ្លួន ឱ្យបានក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ៕