មិនមែន១ ហើយក៏មិនមែន២! តារាចម្រៀង ធីតា ដាវីកា លេងឈុតធំប្រកាសចេញ «PAINFUL SOLO ALBUM» ចម្រៀងថ្មីចាក់ដោតអារម្មណ៍អ្នកគាំទ្រ
23-06-2026 11:49
(ភ្នំពេញ)៖ មិនមែន១ ហើយក៏មិនមែន ២ តារាចម្រៀង ធីតា ដាវីកា ប្រកាសលេងឈុតធំដោយចេញ PAINFUL SOLO ALBUM ចម្រៀងថ្មីមួយ ដែលមានបទចម្រៀងរហូតដល់ទៅ៥បទ តម្រូវតាមការសំណូមពររបស់អ្នកគាំទ្រ។
កញ្ញា ធីតា ដាវីកា គឺជាតារាចម្រៀងស្រីវ័យក្មេង ប្រកបដោយទេពកោលស្យប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បទចម្រៀងរបស់នាងជាច្រើន បានធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ពេញចិត្ត ជាពិសេសគឺបទចម្រៀងមនោសញ្ចេតនាស្នេហា ព្រាត់ប្រាស់ ខូចចិត្តជាច្រើនបទដូចជា «យើងត្រូវគ្នាវិញបានទេ?, ចង់មានសង្សារដែរ និងបទ អ៊ុតហាងឆេងមាស» ជាដើម។
សម្រាប់ពាក់កណ្តាលឆ្នាំ២០២៦នេះ កញ្ញា ធីតា ដាវីកា ក៏មានកាដូថ្មីសម្រាប់ជូនអ្នកគាំទ្ររបស់ខ្លួន ហើយធានាថាមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បានប្រកាសថា តារាចម្រៀង ធីតា ដាវីកា ត្រៀមនឹងចេញ PAINFUL SOLO ALBUM ចម្រៀងថ្មីរហូតដល់ទៅចំនួន៥បទ។ ដោយក្នុងនោះ បទចម្រៀងទី១ មានបទចម្រៀង «អូននៅតែចង់ត្រូវគ្នា» ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
ចំណែកបទទី២ គឺមានចំណងជើងថា «ដោះលែងឱ្យគេដើរផ្លូវគេ» នឹងចេញនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ។ រីឯបទទី៣មានចំណងជើងថា «ឈឺម្តងទៀត» នឹងចេញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ បទទី៤ មានចំណងជើងថា «លែងខ្វល់ហើយ» នឹងចេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និងបទទី៥ មានចំណងជើងថា «រកអ្នកផ្សេងជំនួសគេទៅ» នឹងចេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
កញ្ញា ធីតា ដាវីកា ថែមទាំងបាននិយាយថា «មកលើកនេះមកបបួល Sad តែម្តង»។
កុំភ្លេចចូលរួមទស្សនា PAINFUL SOLO ALBUM ចម្រៀងដែលសេដខ្លាំងហៅលែងឮរបស់តារាចម្រៀង ធីតា ដាវីកា នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់គ្នា ដើម្បីទទួលបាននូវអារម្មណ៍ថ្មី ប្លែក មិនធ្លាប់មានពីមុនមក...៕
https://www.facebook.com/share/v/1CmGmDrfPn/











