គ្រូបង្វឹកកម្ពុជា រំពឹងឆ្លងផុតវគ្គចែកពូល ក្រោយចាប់ឆ្នោត នៅពូលជាមួយឥណ្ឌូនេស៊ី និងទីម័រ នៃពាន ASEAN Women’s Cup 2026
23-06-2026 12:52
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានចាប់ឆ្នោតស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត នៃពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ ដែលនឹងធ្វើការប្រកួតពីថ្ងៃទី១០-២២ ខែកក្កដាខាងមុខនៅប្រទេសម៉ាឡេស៊ី។
ជាមួយលទ្ធផលចាប់ឆ្នោតនេះ លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា រំពឹងក្រុមនឹងអាចឆ្លងផុតវគ្គចែកពូល ព្រមទាំងបានដាក់គោលដៅលេងឲ្យដល់ថ្ងៃចុងក្រោយទៀតផង។
សម្រាប់បេក្ខភាពគូប្រជែងក្នុងពូល B នេះ ឥណ្ឌូនេស៊ី គឺជាបេក្ខភាពដែលលោកបានស្គាល់ បន្ទាប់ពីធ្លាប់ជួបគ្នាច្រើនដង ពិសេសជំនួបមិត្តភាពអន្ដរជាតិកាលពីដើមខែមិថុនាថ្មីៗ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា គ្រាដែលទីម័រខាងកើត ដ្បិតខកខានឃើញការប្រកួតប្រមាណ ១ឆ្នាំ តែលោកមិនរំពឹងពួកគេមានការប្រែប្រួលខ្លួននោះទេ។ ដោយផ្អែកលើភាពរីកចម្រើននៃសមត្ថភាព បច្ចេកទេស គួបផ្សំស្មារតី និងឆន្ទៈរបស់កីឡាការិនីកម្ពុជាបច្ចុប្បន្ន លោកជឿធា កូនក្រុមខ្លួននឹងអាចប្រកួតប្រជែងបាន ហើយរំពឹងកម្ពុជាអាចឡើងទៅវគ្គបន្ដបន្ទាប់ផងដែរ។
អតីតកីឡាករជម្រើសជាតិកម្ពុជាដដែលបន្ដថា «ឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិថ្មីៗកន្លងមក ខ្ញុំឃើញកម្រិតកីឡាការិនីកម្ពុជា ទាំងស្មារតី និងបច្ចេកទេស ពួកគាត់បានត្រៀមរួចរាល់ ដែលអាចប្រកួតប្រជែងបាន។ ការណ៍នេះមានទំនុកចិត្ត និងជឿជាក់ថា ក្រុមជម្រើសជាតិនារីកម្ពុជា យ៉ាងហោចណាស់ក៏អាចលេងដល់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ ASEAN Women’s Cup 2026 នេះដែរ»។
គួរដឹងថា ពានរង្វាន់ ASEAN Women’s Cup ឆ្នាំនេះ មានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល គ្រាដែលពូល A មាន ៣ក្រុមដូចគ្នា គឺមានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Championship នាឆ្នាំក្រោយ ជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀតដែលកំពុងឈរចាំ។ កាលពីឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីកម្ពុជា បានបញ្ចប់នៅជើងឯករង ក្រោយចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕








