ក្រុមហ៊ុន Oracle កាត់បន្ថយបុគ្គលិកជាង ២ម៉ឺននាក់ ចំពេលមានការដាក់បញ្ចូលបច្ចេកវិទ្យា AI

23-06-2026 13:13

(បរទេស)៖ ក្រុមហ៊ុន Oracle ដែលជាយក្សផ្នែក Cloud Computing បានកាត់បន្ថយចំនួនបុគ្គលិកសរុបរបស់ខ្លួនអស់ ១៣%ឬប្រហែល ២១,០០០ នាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៦នេះ។ ការកាត់បន្ថយនេះធ្វើឡើងក្នុងខណៈពេលដែលក្រុមហ៊ុនបន្តរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលផ្នែកខ្លះត្រូវបានជំរុញដោយការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរបស់ខ្លួន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ ក្រុមហ៊ុន Oracle មានបុគ្គលិកសរុបចំនួន ១៤១,០០០ នាក់ បើធៀបទៅនឹងប្រមាណ ១៦២,០០០ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមឯកសារដដែល ក្រុមហ៊ុន Oracle បានចំណាយប្រាក់រហូតដល់ ១.៨៤ ពាន់លានដុល្លារ លើប្រាក់បំណាច់អតីតភាពការងារ (Severance payments) និងការចំណាយផ្សេងៗទៀតទាក់ទងនឹងការបញ្ឈប់បុគ្គលិកនៅក្នុងឆ្នាំសារពើពន្ធ ២០២៦នេះ។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួន ៣៧៤លានដុល្លារ ដែលបានចំណាយក្នុងឆ្នាំសារពើពន្ធមុន។ ក្រុមហ៊ុនបានបញ្ជាក់ថា ការកែសម្រួលកម្លាំងពលកម្មនេះ គឺដើម្បីឆ្លើយតបទៅនឹងកត្តាជាច្រើន រួមមាន ការផ្លាស់ប្តូរការគ្រប់គ្រង និងផលិតផល, បញ្ហាផលិតភាពការងារ (Performance), ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការទិញយកក្រុមហ៊ុនផ្សេងៗ (Acquisitions)។

គួរជម្រាបថា បច្ចុប្បន្ន ក្តីបារម្ភអំពីការបាត់បង់ការងារដោយសារការរំខានពីបច្ចេកវិទ្យា AI កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ យោងតាមគេហទំព័រ Layoffs.fyi ដែលតាមដានការកាត់បន្ថយការងារក្នុងវិស័យបច្ចេកវិទ្យា បានឱ្យដឹងថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៩៦ ករុមហ៊ុន បានបញ្ឈប់បុគ្គលិកសរុបជាង ១១៩,៨០០ នាក់ ក្នុងឆ្នាំនេះ៕