Meta ផ្អាកប្រព័ន្ធតាមដាន «ចលនា Mouse និងការវាយអក្សរ» បន្ទាប់ពីធ្លាយទិន្នន័យសម្ងាត់បុគ្គលិក
23-06-2026 14:48
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ដែលមេធំរបស់ Facebook និង Instagram បានប្រកាសផ្អាកកម្មវិធីផ្ទៃក្នុងមួយឈ្មោះថា MCI ជាបន្ទាន់។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីតាមដានរាល់ចលនា (Mouse) ការចុច និងការវាយអក្សរនៅលើកុំព្យូទ័ររបស់បុគ្គលិកនៅអាមេរិក ក្នុងគោលបំណងយកទៅអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ ការសម្រេចចិត្តបិទជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ទិន្នន័យផ្ទាល់ខ្លួន និងការសន្ទនាឯកជនដ៏រសើបរបស់បុគ្គលិក បានលេចធ្លាយ និងបើកចំហឱ្យបុគ្គលិកដទៃទៀតនៅក្នុងក្រុមហ៊ុនអាចចូលមើលបានយ៉ាងងាយស្រួល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
ជុំវិញបញ្ហាសន្តិសុខទិន្នន័យដ៏ក្តៅគគុកនេះ លោក Tracy Clayton អ្នកនាំពាក្យក្រុមហ៊ុន Meta បានចេញមុខបំភ្លឺថា៖ «យើងបានបង្កើតកម្មវិធីនេះឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងវិធានការការពារឯកជនភាព ហើយទោះបីជាយើងមិនទាន់មានសញ្ញាណណាមួយនៅពេលនេះ បញ្ជាក់ថាមានទិន្នន័យត្រូវបានចូលមើលដោយមិនត្រឹមត្រូវពីសំណាក់បុគ្គលិក Meta ក៏ដោយ ក៏យើងសម្រេចចិត្តផ្អាកវាសិន ក្នុងអំឡុងពេលដែលយើងកំពុងស៊ើបអង្កេត»។
ទោះជាយ៉ាងណា ភ្នាក់ងារព័ត៌មាន Reuters បានលាតត្រដាងថា ប្រព័ន្ធរបស់ Meta មួយនេះ បានលួចប្រមូលព័ត៌មានលើសពីការកំណត់ ហើយរក្សាទុកដោយគ្មានសុវត្ថិភាព (មិនបានចាក់សោការពារ) ឬ (Unencrypted) ដែលក្នុងនោះមានទាំងសារសន្ទនាឯកជន និងប្រវត្តិការងាររបស់បុគ្គលិកផងដែរ។ បញ្ហានេះបានធ្វើឱ្យបុគ្គលិកម្នាក់សម្រេចចិត្តដាក់ពាក្យប្តឹងជាផ្លូវការពីឧប្បត្តិហេតុសន្តិសុខកម្រិតធ្ងន់ធ្ងរ ដើម្បីទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់។
គួរជម្រាបថា ការធ្លាយទិន្នន័យនេះបានបង្កជាក្តីបារម្ភ និងការមិនពេញចិត្តយ៉ាងខ្លាំងនៅក្នុងក្រុមហ៊ុន ដោយក្នុងនោះមានបុគ្គលិកម្នាក់បានលើកឡើងក្នុងកិច្ចពិភាក្សាផ្ទៃក្នុងថា៖ «ខ្ញុំធ្លាប់បានចូលមើលទាំងព័ត៌មានពន្ធផ្ទាល់ខ្លួន និងព័ត៌មានវេជ្ជសាស្ត្រតាមរយៈកុំព្យូទ័រធ្វើការរបស់ខ្ញុំ ហើយបុគ្គលិកជាច្រើនពាន់នាក់ផ្សេងទៀតក៏អញ្ចឹងដែរ។ យើងត្រូវបានគេប្រាប់ថា ទិន្នន័យនេះនឹងត្រូវបានការពារ ហើយប្រើប្រាស់សម្រាប់តែគោលបំណងអាជីវកម្មដែលមានសុពលភាពប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ការច្រោះយកទិន្នន័យយ៉ាងតឹងរ៉ឹងរួចរាល់»៕













