កីឡាករប្រដាល់គុនខ្មែររបស់កម្ពុជា ចូលរួមប្រកួតប្រដាល់នៅទីក្រុងលីយ៉ុង ប្រទេសបារាំង
23-06-2026 15:53
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំកីឡាករប្រដាល់គុនខ្មែរ ទៅប្រកួតនៅទីក្រុងលីយ៉ុង ប្រទេសបារាំង ក្រោមអធិបតីភាពលោក កូ សុខទីឆវីទ្ធ ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសបារាំង និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសបារាំង យ៉ាងច្រើនផងដែរ។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។
លោក កូ សុខទីឆវីទ្ធ ក៏បានថ្លែងទៀតថា ក្នុងនាមតំណាងឲ្យសហគមន៍ខ្មែរ Bussy -77 និងតំណាងឲ្សសហព័ន្ធគុនខ្មែរប្រចាំប្រទេសបារាំង សុំអរគុណដល់ក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួយជ្រុំជ្រែងសម្របសម្រួលព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរ ទទួលបានជោគជ័យនិងជួយផ្សព្វផ្សាយពីគុនខ្មែររបស់យើងទៅកាន់ពិភពលោក ជាពិសេសនោះដើម្បីជួយបង្កើនសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់អន្តរជាតិផងដែរ៕








