Amazon កំពុងសាកល្បងប្រព័ន្ធ Alexa+ នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការគាំទ្រភាសាហិណ្ឌូ

24-06-2026 08:53

(បរទេស)៖ ក្រុមហ៊ុន Amazon កំពុងមានផែនការបង្កើនឥទ្ធិពលនៃជំនួយការ AI សន្ទនាជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា «Alexa+» ទៅកាន់ប្រទេសឥណ្ឌា ហើយកំពុងអញ្ជើញអ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ ឱ្យចូលរួមសាកល្បងកំណែទម្រង់ជាភាសាហិណ្ឌី (Hindi)។ ក្រុមហ៊ុនបានផ្ញើអ៊ីមែលទៅកាន់អតិថិជនមួយចំនួន ដោយស្នើសុំឱ្យអ្នកប្រើប្រាស់បំពេញទម្រង់បែបបទជាភាសាហិណ្ឌូឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ដើម្បីចូលរួមក្នុងកម្មវិធីសាកល្បង (Beta-testing program) នេះ។

ខ្លឹមសារនៅក្នុងអ៊ីមែលនោះបានសរសេរថា៖ «អ្នកត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Alexa+ Beta នៅក្នុងប្រទេសឥណ្ឌា។ យើងកំពុងបង្កើតបទពិសោធន៍ថ្មីមួយសម្រាប់ Alexa ហើយមតិកែលម្អរបស់អ្នកនឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកែលម្អអ្វីដែល Alexa+ អាចធ្វើបាន។ តាមរយៈការចូលរួមក្នុងកម្មវិធី Alexa+ Beta នេះ អ្នកនឹងទទួលបានការជូនដំណឹងនៅពេលដែលបទពិសោធន៍សាកល្បងជាភាសាហិណ្ឌូ (ឥណ្ឌា) ត្រូវបានដាក់ឱ្យអ្នកប្រើប្រាស់»។ អ៊ីមែលដដែលនោះបានបន្ថែមថា កម្មវិធីសាកល្បង (Beta software) នេះ អាចនឹងមានកំហុសបច្ចេកទេស (Bugs) ហើយអាចនឹងផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬបញ្ចេញសំឡេងមិនសូវចំទៅតាមទម្លាប់តំបន់។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនពិតជាកំពុងសាកល្បង Alexa+ នៅក្នុងប្រទេសឥណ្ឌាមែន ប៉ុន្តែមិនបានផ្តល់ការអត្ថាធិប្បាយបន្ថែមនោះទេ។

គួរជម្រាបថា នាពេលបច្ចុប្បន្ន Alexa+ មិនទាន់មានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌានៅឡើយទេ ហើយវាក៏មិនទាន់ច្បាស់ដែរថានឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅពេលណា។ ក្រុមហ៊ុន Amazon បានដាក់ឱ្យដំណើរការ Alexa នៅក្នុងប្រទេសឥណ្ឌាដំបូងក្នុងឆ្នាំ២០១៧ ដោយគាំទ្រភាសាអង់គ្លេស ហើយបានបន្ថែមការគាំទ្រភាសាហិណ្ឌីនៅក្នុងឆ្នាំ២០១៩។ មានប្រជាជនជាង ៦០០លាននាក់និយាយភាសាហិណ្ឌីនៅក្នុងប្រទេសឥណ្ឌា ហើយ Amazon កំពុងព្យាយាមទាញយកអត្ថប្រយោជន៍ពីទីផ្សារនៃអ្នកនិយាយភាសាកំណើត ដែលអាចនិយាយលាយគ្នារវាងភាសាហិណ្ឌូ និងភាសាអង់គ្លេស (Code-mixed)។ ក្រុមហ៊ុននានាដឹងថា «សំឡេង» អាចជាកត្តាដ៏ធំមួយក្នុងការប្រើប្រាស់ឧបករណ៍ AI នៅក្នុងប្រទេសឥណ្ឌា ហើយពួកគេកំពុងស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីឱ្យមនុស្សនិយាយទៅកាន់ប្រព័ន្ធជំនួយការទាំងនោះ៕