ក្រុមហ៊ុនយក្សចិន Alibaba ប្តឹងក្រសួងការពារជាតិអាមេរិក ក្រោយត្រូវចោទប្រកាន់ថា មានទំនាក់ទំនងនឹងយោធាចិន
24-06-2026 11:29
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន Alibaba Group បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសគឺក្រសួងការពារជាតិអាមេរិក (Pentagon) កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីស្ថាប័នយោធាអាមេរិកមួយនេះ បានដាក់បញ្ចូលឈ្មោះ Alibaba ទៅក្នុងបញ្ជីខ្មៅនៃ «ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយយោធាចិន»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមពាក្យបណ្តឹងដែលបានដាក់ជូនតុលាការសហព័ន្ធនៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុន Alibaba បានអះអាងថា ការសម្រេចចិត្តរបស់ក្រសួងការពារជាតិអាមេរិក គឺ «មិនមានមូលដ្ឋានច្បាប់ ឬអង្គហេតុច្បាស់លាស់ឡើយ» ព្រមទាំងរំលោភលើដំណើរការច្បាប់តាមរដ្ឋធម្មនុញ្ញ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ក្រុមហ៊ុន។
ការដាក់ពាក្យប្តឹងនេះបានធ្វើឡើង បន្ទាប់ពីមន្ទីរបញ្ចកោណ (Pentagon) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានពង្រីកបញ្ជីខ្មៅ (ហៅថាបញ្ជី Section 1260H) រហូតដល់ទៅ ១៨៨ ស្ថាប័ន ដោយក្នុងនោះមានក្រុមហ៊ុនល្បីៗរបស់ចិនជាច្រើនដូចជា Alibaba, Baidu (ក្រុមហ៊ុនស្វែងរកព័ត៌មានខ្នាតយក្ស) និង BYD (ក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតនៅលើលោក) ក្រោមហេតុផលព្រួយបារម្ភថា យោធាចិនអាចទាញយកផលប្រយោជន៍ និងបច្ចេកវិទ្យាពីវិស័យឯកជន។
ខាងក្រោមនេះជាចំណុចសំខាន់ៗនៃជម្លោះផ្លូវច្បាប់រវាង Alibaba និងរដ្ឋាភិបាលអាមេរិក៖
- ការចោទប្រកាន់របស់អាមេរិក៖ ក្រសួងការពារជាតិអាមេរិកបានចោទប្រកាន់ថា Alibaba គឺជា «អ្នករួមចំណែកដល់ការធ្វើសមាហរណកម្មស៊ីវិល-យោធា នៅក្នុងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ចិន» តាមរយៈការសម្ព័ន្ធភាពជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) និងមានការពាក់ព័ន្ធដោយប្រយោលជាមួយស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ចិន (SASAC)។
- ការបដិសេធរបស់ Alibaba៖ ក្រុមហ៊ុនបានទាត់ចោលការចោទប្រកាន់ទាំងស្រុង ដោយបញ្ជាក់ថា Alibaba ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលគ្មានសមាជិកណាម្នាក់មានការពាក់ព័ន្ធនឹងយោធានោះទេ។ ជាងនេះទៅទៀត ផលិតផល និងសេវាកម្មទាំងអស់របស់ក្រុមហ៊ុន (រួមទាំង Cloud និង AI) គឺត្រូវបានបង្កើតឡើងសម្រាប់វិស័យលក់រាយ ភស្តុភារកម្ម (Logistics) និងបច្ចេកវិទ្យាព័ត៌មានរបស់សហគ្រាសតែប៉ុណ្ណោះ មិនមែនសម្រាប់ផលិតអាវុធ ការពារជាតិ ឬកិច្ចការចារកម្មឡើយ។
- ផលប៉ះពាល់ភ្លាមៗ៖ ទោះបីជាការដាក់បញ្ចូលក្នុងបញ្ជីខ្មៅនេះ មិនមែនជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្លូវការក៏ដោយ ប៉ុន្តែចាប់ពីចុងខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ក្រសួងការពារជាតិអាមេរិកត្រូវបានហាមឃាត់មិនឱ្យចុះកិច្ចសន្យាផ្ទាល់ជាមួយ Alibaba ឡើយ ហើយការទិញផលិតផល ឬសេវាកម្មតាមរយៈតតិយជន (ភាគីទី៣) នឹងត្រូវហាមឃាត់ទាំងស្រុងនៅឆ្នាំ២០២៧។ លើសពីនេះ វាក៏បង្កផលប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះ និងការទាក់ទាញវិនិយោគិនអាមេរិកផងដែរ។
គួររំលឹកផងដែរថា Alibaba មិនមែនជាក្រុមហ៊ុនចិនដំបូងគេដែលហ៊ានតតាំងក្តីជាមួយស្ថាប័នយោធាអាមេរិកនោះទេ។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុនទូរស័ព្ទដៃ Xiaomi ក៏ធ្លាប់បានប្តឹង និងទទួលបានជោគជ័យក្នុងការដកឈ្មោះចេញពីបញ្ជីខ្មៅនេះវិញផងដែរ ខណៈដែលក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន WuXi AppTec ក៏ទើបតែបានដាក់ពាក្យប្តឹង Pentagon កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។
ឆ្លើយតបនឹងចំណាត់ការរបស់អាមេរិក រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានសម្តែងការប្រឆាំងយ៉ាងខ្លាំង និងបានដាក់ចេញនូវវិធានការសងសឹកកាលពីដើមសប្តាហ៍នេះ ដោយរឹតបន្តឹងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិកចំនួន ១០ រួមទាំងក្រុមហ៊ុននៅក្នុងវិស័យរ៉ែកម្រ (Rare Earths) ផងដែរ៕







