គួច សុកុម្ភៈ បន្តកិច្ចសន្យាជាមួយណាហ្គាវើលដ៏ តែត្រូវលេងឲ្យក្លិបផ្សេង នារដូវកាលថ្មី
24-06-2026 12:25
(ភ្នំពេញ)៖ កីឡាករជើងចាស់ គួច សុកុម្ភៈ បានព្រមព្រៀងបន្តកិច្ចសន្យាថ្មី ជាមួយក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប៉ុន្តែលោកនឹងត្រូវផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់កម្ពុជាមួយផ្សេងទៀត ក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ។
យោងតាមក្លិបមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺខាងលើ បានជូនដំណឹងនៅថ្ងៃទី២៤ ខែមិថុនានេះថា ក្លិបបានសម្រេចចុះកិច្ចសន្យាបន្ដជាមួយកីឡាករ គួច សុកុម្ភៈ ដែលក្លិបបានចាត់ទុកជាកីឡាករឆ្នើម និងគួរឲ្យគោរពសម្រាប់ក្លិប និងវិស័យកីឡាបាល់ទាត់កម្ពុជា។
ដំណាលគ្នានឹងការសម្រេចបន្ដកុងត្រានេះ ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីការពិភាក្សារវាងភាគីទាំងអស់ គួច សុកុម្ភៈ នឹងចូលរួមជាមួយក្លិបកម្ពុជាមួយក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលខាងមុខ ដើម្បីបន្តនឹងឱកាសលេងជាប្រចាំ និងរួមចំណែកចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់គាត់នៅលើទីលាន»។
យ៉ាងណាមិញណាហ្គា មិនទាន់បញ្ជាក់ជាផ្លូវការចំពោះក្លិប ដែលត្រូវខ្ចីជើងកីឡាករវ័យជិត ៤០ឆ្នាំរូបនេះ ទៅរួមក្រុមនារដូវកាលថ្មីឡើយ តែពួកគេសង្ឃឹមថា បេសកកម្មក្រោមលក្ខខណ្ឌខ្ចីជើងរបស់ សុកុម្ភៈ នារដូវកាលក្រោយ នឹងទទួលបានជោគជ័យ ហើយក្នុងនាមក្លិបសាម៉ី ក៏នឹងបន្ដតាមដានវឌ្ឍនភាពលេងរបស់រូបគេជានិច្ចផងដែរ។
សូមរំឮកថា ក្រោយចូលរួមជាមួយថ្នាលយុវជនក្រសួងការពារជាតិ នៅចន្លោះឆ្នាំ២០០៣-២០០៤ កីឡាករមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ បានចូលប្រឡូកជាមួយក្លិបអាជីពដំបូង ជាមួយក្លិបខេមរាកីឡា នៅចន្លោះឆ្នាំ២០០៥-២០១០ មុនបន្ដផ្ទេរលេងឲ្យភ្នំពេញក្រោន នៅចន្លោះឆ្នាំ២០១០-២០១៥ និងលេងឲ្យក្លិបណាហ្គា ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ខណៈរដូវកាលថ្មីខាងមុខ គឺជាលើកទី២២ ហើយ ដែល កុម្ភៈ ត្រូវបង្ហាញខ្លួននៅលីគកំពូលកម្ពុជា។
គួច សុកុម្ភៈ ត្រូវបានអ្នកគាំទ្រចាត់ទុកជាវីរបុរសបាល់ទាត់មួយរូបរបស់កម្ពុជា ក្នុងនាមកីឡាករដែលប្រកបអាជីពបានយូរជាងគេ។ ទោះបីវ័យជ្រេបន្ដិច តែរាល់ការបង្ហាញខ្លួនលើទីលាន រូបគេតែងធ្វើបានល្អ និងជាគំរូដល់កីឡាករសិស្សប្អូន មិនថានៅក្លិប ឬនៅក្រុមជម្រើសជាតិ។ ទាំងអស់នេះ បានធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរ ពិសេសគឺការគោរពវិន័យ និងក្រមសីលធម៌ ទាំងក្នុង និងក្រៅទីលានតែម្ដង៕





