ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ចរចាខ្ចីប្រាក់ពីធនាគារអន្តរជាតិ ២០ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI
24-06-2026 14:16
(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance ដែលជាក្រុមហ៊ុនមេបង្កើតកម្មវិធីវីដេអូខ្លីដ៏ល្បីល្បាញ TikTok កំពុងស្ថិតក្នុងកិច្ចចរចាជំហានដំបូងជាមួយបណ្តាធនាគារអន្តរជាតិ ដើម្បីស្នើសុំកម្ចីក្រៅស្រុក ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ២០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាទំហំកម្ចីក្រៅប្រទេសធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ក្នុងពេលដែលខ្លួនកំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងលើវិស័យបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពព័ត៌មានពី Bloomberg នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពដែលដឹងពីកិច្ចការផ្ទៃក្នុងនេះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ បានទាក់ទងទៅកាន់ក្រុមធនាគារនានា សម្រាប់កញ្ចប់ឥណទានថ្មី ដែលមានរយៈពេលកំណត់ចំនួន ៣ឆ្នាំ ជាមួយនឹងជម្រើសអាចពន្យារពេលបន្ថែមរហូតដល់ទៅ ៥ឆ្នាំ។ គិតមកទល់ពេលនេះ ខាងភាគី ByteDance មិនទាន់ចេញមុខឆ្លើយតបផ្លូវការទៅនឹងការសុំការបំភ្លឺពីអ្នកសារព័ត៌មាននៅឡើយទេ ដោយសារតែកិច្ចពិភាក្សានៅស្ថិតក្នុងដំណាក់កាលបឋម និងអាចមានការប្រែប្រួល។
ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីរបៀបនៃការបែងចែកកញ្ចប់ថវិកានេះក៏ដោយ ប៉ុន្តែចំណាត់ការនេះបានកើតឡើងស្របពេលដែល ByteDance កំពុងតែឈានជើងចូលយ៉ាងពេញទំហឹងនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា AI ពិភពលោក។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនកំពុងពិចារណាបង្កើនការចំណាយលើដើមទុន រហូតដល់ទៅ ៧០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៦ នេះ ដើម្បីពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន ហើយទំហំចំណាយនេះអាចនឹងហក់ឡើងដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំ២០២៧ ខាងមុខ ប្រសិនបើសេដ្ឋកិច្ច និងឱកាសអាជីវកម្មអំណោយផល។
ការសម្រេចចិត្តបោះទុនរាប់ម៉ឺនលានដុល្លារលើវិស័យ AI របស់ក្រុមហ៊ុនចិនមួយនេះ គឺដើម្បីដើរឱ្យទាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ចំនួន៤ រួមមាន Amazon, Alphabet (Google), Microsoft និង Meta Platforms ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយលុយសរុបរួមគ្នារហូតដល់ទៅ ៧២៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ទៅលើគ្រឿងបរិក្ខារ Data Center និងបន្ទះឈីប AI។
ទន្ទឹមនឹងនេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏កំពុងមានភាពពុះកញ្ជ្រោលខ្លាំងក្នុងការផ្តល់កម្ចីដល់វិស័យ AI ជាក់ស្តែងដូចជាក្រុមហ៊ុនជប៉ុន SoftBank ថ្មីៗនេះ ក៏ទើបតែទទួលបានកម្ចីបណ្តោះអាសន្ន ចំនួន ៤០ ពាន់លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន OpenAI (អ្នកបង្កើត ChatGPT) ផងដែរ។ ករណីរបស់ ByteDance នេះ ក៏ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការត្រៀមលក្ខណៈសាច់ប្រាក់ដ៏រឹងមាំមួយ សម្រាប់យុទ្ធសាស្ត្រយូរអង្វែង ក្នុងពេលដែលក្រុមហ៊ុននៅតែជាបេក្ខភាពឈានមុខគេក្នុងការត្រៀមបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO) ទៅថ្ងៃអនាគត៕








