ពានកុមារ Daiichi Junior Cup រកឃើញក្រុមខ្លាំងប្រចាំមណ្ឌលខេត្តបាត់ដំបង

24-06-2026 20:43

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់កុមារ Daiichi Junior Cup លើកទី១ ឆ្នាំ២០២៦ បានបញ្ចប់វគ្គជម្រុះ និងរកឃើញក្រុមខ្លាំងប្រចាំមណ្ឌលខេត្តបាត់ដំបង ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ១ថ្ងៃពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានបាល់ទាត់សាលាឯកមួយ នាខេត្តបាត់ដំបង។

នេះគឺជាមណ្ឌលទី២ សម្រាប់យុទ្ធនាការប្រកួតពានកុមារនេះ ដើម្បីស្វែងរកក្រុមឆ្នើមៗមកប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាខែសីហាខាងមុខ។ សម្រាប់ការប្រកួតនៅមណ្ឌលបាត់ដំបង មាន ៣២ក្រុមចូលរួមដូចនៅមណ្ឌលរាជធានីភ្នំពេញដែរ ដោយមាន ១៦ក្រុមលេងពានយុវជន U14 និង ១៦ក្រុមលេងពានយុវជន U14។

ជាលទ្ធផលការប្រកួតពានយុវជនអាយុក្រោម ១២ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅក្រុមរាជសី សរ លន និងលេខ២ បានទៅក្រុមកូននាគបាត់ដំបង។ រីឯជយលាភីផ្នែកកុមារអាយុក្រោម ១៤ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅក្រុមយុវជន TSK Academy និងលេខ២ បានទៅក្រុមយុវជនរាជសី សរ លន។

លោក ង៉ែត វុទ្ធី តំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា បេក្ខភាពចូលរួមប្រកួតនៅមណ្ឌលបាត់ដំបង គឺលើសពីការរំពឹងទុក ត្បិតក្រុមមួយចំនួន នៅតាមសហគមន៍ដាក់ពាក្យចូលរួមការប្រកួតយឺតយ៉ាវ ហើយក្រុមគ្រួសារមួយចំនួន ពុំសូវមានការគាំទ្រឲ្យកូនចូលរួម ក៏ដូចជាការគាំទ្រផ្ទាល់ ។ ប៉ុន្ដែក្រោយមានទំនាក់ទំនងល្អជាមួយដៃគូពាក់ព័ន្ធ និងការបង្កើតនូវសកម្មភាពអមកម្សាន្ដផ្សេងៗ បានជំរុញឲ្យថ្ងៃប្រកួតផ្លូវការមានការចូលរួមច្រើន និងមានការគាំទ្រយ៉ាងផុសផុលពីមហាជនទៀតផង។

ទន្ទឹមជាមួយបេក្ខភាពក្រុម Top-4 ទាំងពីរកម្រិតអាយុ ក៏បានសម្ដែងនូវភាពសប្បាយរីករាយ ក្រោយបានចូលរួមការប្រកួតលក្ខណៈស្ដង់ដារ ហើយបានប្ដេជ្ញានឹងបន្ដរៀបចំក្រុមឲ្យបានកាន់តែល្អទ្វេដង ដើម្បីត្រៀមប្រកួតថ្នាក់ជាតិ ជាមួយបេក្ខភាព ១២ក្រុមផ្សេងទៀត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

គួរដឹងថា ពានរង្វាន់កុមារ Daiichi Junior Cup លើកដំបូងនេះ ដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC នេះ មានការប្រកួតជម្រុះតាមមណ្ឌលចំនួន៤ រួមមាននៅរាជធានីភ្នំពេញ ប្រកួតកាលពីថ្ងៃទី៣១ ខែឧសភា និងមណ្ឌលបាត់ដំបង ប្រកួតនៅថ្ងៃទី២១ ខែមិថុនា និងមណ្ឌលសៀមរាប ដែលត្រៀមប្រកួតនាថ្ងៃទី២១ ខែកក្កដា មុនបន្ដការប្រកួតជម្រុះចុងក្រោយ និងប្រកួតថ្នាក់ជាតិ ដែលត្រូវរៀបចំមណ្ឌលភ្នំពេញវិញ នាថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕