ការព្យាករណ៍ពី Micron និង Qualcomm ធ្វើឱ្យតម្លៃភាគហ៊ុនហក់ឡើង ៤០០ ពាន់លានដុល្លារភ្លាមៗ

25-06-2026 09:20

(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗ បានហក់ឡើងខ្ពស់ភ្លាមៗ ដែលធ្វើឱ្យតម្លៃទីផ្សារសរុប (Market Value) កើនឡើងរហូតដល់ជាង ៤០០ពាន់លានដុល្លារ។ ការកើនឡើងយ៉ាងគំហុកនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីរគឺ Micron Technology និង Qualcomm បានបញ្ចេញរបាយការណ៍ព្យាករណ៍ប្រាក់ចំណេញដ៏រឹងមាំ ដែលបានផ្តល់ដង្ហើមថ្មី និងជម្រុញសន្ទុះទីផ្សារភាគហ៊ុន AI នៅ Wall Street សារជាថ្មី បន្ទាប់ពីមានការថមថយមួយរយៈខ្លីកន្លងមក។

ភាគហ៊ុនរបស់ក្រុមហ៊ុន Micron បានហក់ឡើងដល់ទៅ ១២% ក្នុងការជួញដូរបន្ថែមម៉ោង (Extended Trade)។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងមានកម្រិតខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ការវិនិយោគយ៉ាងច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹង AI កំពុងតែជម្រុញឱ្យមានតម្រូវការខ្ពស់ខ្លាំងចំពោះបន្ទះឈីបអង្គចងចាំ (Memory Chips) របស់ខ្លួន។ ចំណែកឯក្រុមហ៊ុន Qualcomm វិញ ក៏បានប្រកាសបន្ទាប់ពីបិទការជួញដូរផ្លូវការដែរថា ខ្លួនរំពឹងថានឹងទទួលបានការលក់រហូតដល់ទៅ ១៥ពាន់លានដុល្លារ ពីអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) នៅត្រឹមឆ្នាំ ២០២៩។ យុទ្ធសាស្ត្រថ្មីនេះបង្ហាញពីការបោះជំហានឈានមុខរបស់ក្រុមហ៊ុន ក្នុងការងាកចេញពីការពឹងផ្អែកតែលើអាជីវកម្មស្នូល ពោលគឺបន្ទះឈីបស្មាតហ្វូន ហើយងាកមកផ្តោតសំខាន់លើបច្ចេកវិទ្យា AI ជំនួសវិញ។

ការព្យាករណ៍ដ៏លេចធ្លោពីក្រុមហ៊ុនយក្សទាំងពីរនេះ បានបង្កើតជាចរន្តវិជ្ជមានទូទាំងវិស័យ ដោយក្នុងនោះ៖

ក្រុមហ៊ុន Western Digital, SanDisk និង Seagate Technology ដែលជាគូប្រជែងរបស់ Micron សុទ្ធតែបានកើនឡើងជាង ៨%។
ក្រុមហ៊ុន Arm Holdings កើនឡើងប្រហែល ៦%។
ក្រុមហ៊ុន Marvell កើនឡើងជិត ៤% និង Broadcom កើនឡើង ២%។
ក្រុមហ៊ុន Applied Materials និង ASML ដែលជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនផលិតបន្ទះឈីបឯកទេស ក៏បានកើនឡើងជាង ៤% ដូចគ្នា៕