មិនទាន់បានកន្លះខែផង! Elon Musk ធ្លាក់ពីតំណែងជា «មហាសេដ្ឋីទ្រីលានដុល្លារ» វិញហើយ ក្រោយភាគហ៊ុន Tesla និង SpaceX ដាំក្បាលចុះ
25-06-2026 09:44
(ញូវយ៉ក)៖ លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិដល់ទ្រីលានដុល្លារនោះ គិតត្រឹមការបិទទ្វារទីផ្សារដោះដូរភាគហ៊ុននៅថ្ងៃពុធទី២៤ ខែមិថុនានេះ បានធ្លាក់ពីតំណែងជា «មហាសេដ្ឋីទ្រីលានដុល្លារ» វិញហើយ ក្រោយភាគហ៊ុន Tesla និង SpaceX ដាំក្បាលចុះ។ ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla និងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX បានអូសទាញទ្រព្យសម្បត្តិរបស់ស្តេចត្រាញ់បច្ចេកវិទ្យារូបនេះ ឱ្យមកនៅត្រឹមកម្រិតមហាសេដ្ឋីពាន់លានដុល្លារ (Billionaire) ធម្មតាវិញ។
យោងតាមទិន្នន័យវាយតម្លៃផ្ទាល់របស់ទស្សនាវដ្តី Forbes គិតត្រឹមម៉ោង ៤រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅថ្ងៃទី២៤ ខែមិថុនា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានធ្លាក់ចុះមកនៅត្រឹម ៩៧០,២ ពាន់លានដុល្លារ។
គួររំឮកផងដែរថា លោក Elon Musk បានបង្កើតប្រវត្តិសាស្ត្រក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិកើនឡើងហួសពី ១ ទរីលានដុល្លារ ($1tn) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ជោគជ័យដ៏អស្ចារ្យនាពេលនោះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត ផ្កាយរណប និងបច្ចេកវិទ្យា AI របស់លោក គឺ SpaceX បានបោះជំហានចូលទីផ្សារភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO)។ អំឡុងពេលពីរបីសប្តាហ៍បន្ទាប់ពីការបើកលក់ IPO នោះ ទ្រព្យសម្បត្តិរបស់លោកបានបន្តរក្សាស្ថិរភាពនៅក្បែរតួលេខដ៏មហិមានេះរហូតមក។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែទ្រព្យសម្បត្តិភាគច្រើនរបស់លោក Elon Musk គឺស្ថិតនៅក្នុងទម្រង់ជាភាគហ៊ុន (មិនមែនជាសាច់ប្រាក់សុទ្ធ) ដូចនេះនៅពេលដែលទីផ្សារភាគហ៊ុនផ្នែកបច្ចេកវិទ្យាជួបប្រទះនឹងការធ្លាក់ចុះជាសកល វាបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ទាំងក្រុមហ៊ុន Tesla និង SpaceX ដាំក្បាលចុះតាមៗគ្នា ដែលជាហេតុធ្វើឱ្យទំហំទ្រព្យសម្បត្តិរបស់លោកត្រូវរលាយអស់រាប់សិបពាន់លានដុល្លារត្រឹមមួយប៉ប្រិចភ្នែក។
ទោះបីជាត្រូវរបូតតំណែងជា «មហាសេដ្ឋីទ្រីលានដុល្លារ» ត្រឡប់មកវិញដោយសារតែការប្រែប្រួលនៃទីផ្សារភាគហ៊ុនក៏ដោយ ក៏លោក Elon Musk នៅតែបន្តគ្រងតំណែងជាមនុស្សដែលរស់នៅមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកដដែល ដោយនាំមុខដាច់ឆ្ងាយពីមហាសេដ្ឋីលំដាប់ទីពីររាប់ពាន់លានដុល្លារឯណោះ៕









