Anthropic ចោទប្រកាន់ថា Alibaba បានលួចចម្លងសមត្ថភាពម៉ូដែល Claude AI ដោយខុសច្បាប់ទ្រង់ទ្រាយធំ

25-06-2026 14:07

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា AI របស់សហរដ្ឋអាមេរិក Anthropic បានផ្ញើលិខិតផ្លូវការមួយទៅកាន់ព្រឹទ្ធសភាអាមេរិក ដោយចោទប្រកាន់ក្រុមហ៊ុន Alibaba របស់ចិន ថាបានវាយប្រហារ និងលួចចម្លងសមត្ថភាពម៉ូដែល Claude AI របស់ខ្លួនដោយខុសច្បាប់។ Anthropic បានបញ្ជាក់ថា នេះជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មាន ដោយក្រុមហ៊ុនចិនបានបង្កើតគណនីបន្លំជិត ២៥,០០០ គណនី ដើម្បីទាញយកទិន្នន័យសន្ទនាជាង ២៨,៨ លានដង ក្នុងគោលបំណងយកទៅបង្ហាត់ AI របស់ខ្លួនឱ្យខ្លាំងដូចអាមេរិក។ ការលួចបច្ចេកវិទ្យានេះ ធ្វើឡើងតាមវិធីសាស្ត្រដែលគេហៅថា "Distillation" ឬការចម្រាញ់យកទិន្នន័យពីម៉ូដែលខ្លាំង ទៅបង្ហាត់ម៉ូដែលខ្សោយជាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងលិខិតនោះ Anthropic បានព្រមានចំៗថា វិធីសាស្ត្រចម្រាញ់ទិន្នន័យនេះ គឺជាវិធីជួយ «ពន្លឿនសមត្ថភាពរបស់ប្រទេសចិន ក្នុងការឈានទៅចាប់យកសមត្ថភាពកម្រិតខ្ពស់នៃម៉ូដែល Mythos Preview របស់ Anthropic»។ មិនមែនមានតែ Alibaba ទេ កាលពីខែកុម្ភៈ Anthropic ក៏ធ្លាប់បានរកឃើញក្រុមហ៊ុន AI ចិនផ្សេងទៀតដូចជា DeepSeek, Moonshot AI និង MiniMax ធ្លាប់បានលួចទាញយកទិន្នន័យក្នុងទំហំរាប់លានដងបែបនេះដែរ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា យុទ្ធនាការលួចបន្លំទាំងនេះកំពុងកើនឡើងទាំង «អាំងតង់ស៊ីតេ និងភាពស្មុគស្មាញ» ដែលទាមទារឱ្យមាន «សកម្មភាពរហ័ស និងការសម្របសម្រួលគ្នារវាងក្រុមហ៊ុនក្នុងវិស័យនេះ អ្នករៀបចំគោលនយោបាយ និងសហគមន៍ AI សកលលោកទាំងមូល»

គួរជម្រាបថា ការចោទប្រកាន់នេះបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលអាមេរិកកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខជាតិ។ កាលពីខែមេសា សេតវិមានបានចោទប្រកាន់ចំៗថា ប្រទេសចិនបានលួចកម្មសិទ្ធិបញ្ញារបស់មន្ទីរពិសោធន៍ AI អាមេរិក «ក្នុងកម្រិតទ្រង់ទ្រាយធំ (Industrial scale)»។ ជាលទ្ធផល ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចដាក់ចេញនូវការរឹតបន្តឹងភ្លាមៗលើម៉ូដែល AI ជំនាន់ចុងក្រោយបង្អស់របស់ Anthropic គឺ Mythos និង Fable ព្រោះមន្ត្រីរដ្ឋាភិបាលបារម្ភថា «ពួកវាអាចនឹងត្រូវយកទៅប្រើប្រាស់ដោយអ្នកប្រើប្រាស់ក្នុងប្រព័ន្ធស៊ើបការណ៍សម្ងាត់យោធានៅក្នុងប្រទេសចិន និងប្រទេសដទៃទៀតដែលជាកង្វល់» ដែលបង្ខំឱ្យ Anthropic ត្រូវបិទការចូលប្រើប្រាស់ម៉ូដែលទាំងនេះនៅទូទាំងពិភពលោកតែម្តង៕