រលក AI រុញតម្លៃទីផ្សារ Samsung វ៉ាដាច់ Tesla និង Meta ខណៈភាគហ៊ុនបន្ទះឈីបកូរ៉េហក់ឡើងកប់ពពក
25-06-2026 15:10
(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics និង SK Hynix បានហក់ឡើងយ៉ាងខ្លាំងក្នុងរង្វង់ពី ៦,២% ដល់ ១១,៦% បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron បង្ហាញរបាយការណ៍ចំណូលខ្ពស់ហួសពីការរំពឹងទុក ដែលជួយជម្រុញក្តីសង្ឃឹមយ៉ាងខ្លាំងលើតម្រូវការបន្ទះឈីប AI ក្នុងពិភពលោក។ កំណើនដ៏គំហុកនេះបានរុញច្រានតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនកូរ៉េទាំងពីរឱ្យហក់ហួសពី ១ ទ្រីលានដុល្លារនៅឆ្នាំនេះ ដែលក្នុងនោះតម្លៃទីផ្សាររបស់ Samsung តែឯងបានកើនដល់ប្រហែល ១,៤៧ ទ្រីលានដុល្លារ វ៉ាដាច់ទាំងក្រុមហ៊ុន Tesla និង Meta ទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ក្រុមអ្នកជំនាញមើលឃើញថា វិបត្តិឥទ្ធិពលកង្វះខាតបន្ទះឈីបនេះនឹងនៅតែបន្តកើតមានយូរអង្វែង ដោយសារតែការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ AI គ្មានសញ្ញាថមថយឡើយ។ ជាក់ស្តែង អ្នកវិភាគរបស់ធនាគារ JPMorgan បានគូសបញ្ជាក់នៅក្នុងកំណត់សម្គាល់ថា៖ «កង្វះខាតបន្ទះឈីបចងចាំ ត្រូវបានបង្កឡើងដោយតម្រូវការដ៏ខ្លាំងក្លាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រ AI... ហើយយើងជឿជាក់ថា តួនាទីរបស់បន្ទះឈីបចងចាំជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅក្នុង Artificial General Intelligence (AGI) នៅតែមិនផ្លាស់ប្តូរនោះទេ»។
ផ្អែកលើហេតុផលនេះ ធនាគារ JPMorgan បានណែនាំឱ្យអ្នកវិនិយោគក្តាប់ឱកាសទិញភាគហ៊ុនកូរ៉េខាងត្បូងបន្ថែមភ្លាមៗ រាល់ពេលដែលតម្លៃមានការធ្លាក់ចុះបន្តិចបន្តួច។
យ៉ាងណាមិញ ដើម្បីពង្រីកខ្លួន និងកាត់បន្ថយគម្លាតតម្លៃជាមួយគូប្រជែង ក្រុមហ៊ុន SK Hynix បានប្រកាសផែនការកៀរគរទុនរហូតដល់ ២៩,៤ ពាន់លានដុល្លារ តាមរយៈការចុះបញ្ជីលក់ភាគហ៊ុននៅលើទីផ្សារសហរដ្ឋអាមេរិក (ADRs) ហើយក្រុមហ៊ុន Samsung ក៏ត្រូវបានគេរំពឹងថាអាចនឹងដើរតាមផ្លូវយុទ្ធសាស្ត្រនេះដែរ។ ជុំវិញផែនការបោះជំហានចូលទីផ្សារអាមេរិកនេះ លោក Jeff Kim ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន KB Securities-Jefferies បានលើកឡើងថា៖ «ភាគហ៊ុនបន្ទះឈីបកំពុងស្ថិតក្នុងចំណុចរបត់មួយ។ ADRs (ការចុះបញ្ជីលក់ភាគហ៊ុននៅអាមេរិក) នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយសម្រាប់តម្លៃទីផ្សាររបស់ពួកគេ»៕












