កូនកាត់ខ្មែរ-កាណាដា និងអាមេរិក ២រូប ត្រូវបានកោះហៅត្រៀមជួយក្រុមជម្រើសជាតិ ត្រៀមប្រជែងពាន ASEAN Women’s Cup នាខែក្រោយ

25-06-2026 16:29

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣នាក់ជាផ្លូវការ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រជែងជើងឯកពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (ASEAN Women’s Cup) ឆ្នាំ២០២៦ ដែលម៉ាឡេស៊ី នឹងធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០-២២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។

ក្នុងចំណោមកីឡាការិនីដែលបានកោះហៅនេះ មានកីឡាការិនីកូនកាត់ ២រូប គឺកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ឈីវ សាលីណា និងកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក សាំង រ៉ូសានហ្គីនដូលីន។ សម្រាប់ សាលីណា ធ្លាប់បានជួយក្រុមជម្រើសជាតិនារីកម្ពុជាជាច្រើនឆ្នាំមកហើយ តែ រ៉ូសានហ្គីនដូលីន វិញ នេះគឺជាលើកដំបូងដែលកីឡាការិនីវ័យ ២១ឆ្នាំរូបនេះ ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា។

ជាមួយការបន្ថែមនូវកម្លាំងថ្មីដែលសុទ្ធសឹងមានបទពិសោធន៍ប្រកួតនៅក្រៅប្រទេស បន្ថែមលើកីឡាការិនីកម្ពុជា ដែលទើបប្រមូលផ្ដុំប្រកួតមិត្តភាពឈ្នះសិង្ហបុរី និងស្មើឥណ្ឌូនេស៊ីកាលពីថ្មីៗនេះគេរំពឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងធ្វើបានល្អក្នុងយុទ្ធនាការប្រកួតពានរង្វាន់ ASEAN Women’s Cup ឆ្នាំ២០២៦ នាពេលខាងមុខ។

គួរដឹងថា ក្នុងការប្រកួតពានរង្វាន់ ASEAN Women’s Cup ឆ្នាំនេះ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូល A មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ កាលពីឆ្នាំ២០២៤ កម្ពុជាធ្លាប់បានចូលរួមការប្រកួតនេះម្ដងរួចមកហើយ ដោយបានបង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានត្រឹមជើងឯករង ក្រោយចាញ់ក្រុមឥណ្ឌូនេស៊ី ៣-១៕