កំពូលស្មាតហ្វូនដែលគ្រប់គ្នារង់ចាំ! iPhone អេក្រង់បត់ «Ultra» អាចនឹងបង្ហាញខ្លួនផ្លូវការនៅខែកញ្ញានេះហើយ
26-06-2026 09:18
(បរទេស)៖ ក្តីស្រមៃរបស់អ្នកគាំទ្រ Apple កាន់តែខិតជិតមកដល់ហើយ ដោយសារព័ត៌មាន The Elec បានទម្លាយថា ទូរស័ព្ទ iPhone អេក្រង់បត់ដំបូងបង្អស់ម៉ូដែល «Ultra» គ្រោងនឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅចុងខែកក្កដានេះ។ ទោះបីជាមានពាក្យចចាមអារ៉ាមមុនៗថា គម្រោងនេះអាចនឹងត្រូវពន្យារពេលដោយសារបញ្ហាបច្ចេកទេសគន្លឹះបត់ (Hinge) ក៏ដោយ ប៉ុន្តែប្រភពផ្ទៃក្នុងបានបញ្ជាក់ថា Apple នៅតែរក្សាផែនការដាក់លក់នៅក្នុងខែកញ្ញាដដែល។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors។
ជុំវិញពេលវេលាចេញលក់នេះ លោក Mark Gurman អ្នកវិភាគដ៏ល្បីឈ្មោះមកពីសារព័ត៌មាន Bloomberg ធ្លាប់បានកត់សម្គាល់កាលពីខែមីនាថា៖ «ការចេញផ្សាយគឺនៅសល់ពេល ៦ ខែទៀត ហើយការផលិតមិនទាន់បានជំរុញល្បឿននៅឡើយទេ» និងបានបន្ថែមថា «ពេលវេលាពិតប្រាកដគឺមិនទាន់ច្បាស់លាស់នៅឡើយនោះទេ»។ ទោះជាយ៉ាងណា របាយការណ៍ចុងក្រោយបានបង្ហាញថា Apple កំពុងខិតខំជំរុញល្បឿន ដើម្បីឱ្យស្មាតហ្វូនអេក្រង់បត់នេះអាចបង្ហាញខ្លួនដំណាលគ្នា ឬយឺតជាងម៉ូដែល iPhone 18 Pro បន្តិចបន្តួចប៉ុណ្ណោះ។
ចំពោះរូបរាង និងបច្ចេកវិទ្យា iPhone Ultra ដែលមានទម្រង់បត់ដូចសៀវភៅនេះ នឹងប្រើប្រាស់អេក្រង់បត់ខាងក្នុងទំហំ ៧.៨ អ៊ីញ ប្រភេទ OLED ផ្គត់ផ្គង់ដោយ Samsung ដែលមានបច្ចេកវិទ្យាថ្មី ធ្វើឱ្យអេក្រង់កាន់តែស្តើង ស្រាល និងសន្សំសំចៃថាមពលជាងមុន រួមជាមួយអេក្រង់តូចខាងក្រៅទំហំ ៥.៥ អ៊ីញ។ ទោះបីជាការធ្វើតេស្តបត់រាប់លានដងដំបូង ធ្លាប់ជួបបញ្ហាមានសំឡេងបន្តិចបន្តួច និងមានអត្រាផលិតផលខូចខ្ពស់ក៏ដោយ ប៉ុន្តែបច្ចុប្បន្នបញ្ហាទាំងនោះត្រូវបានដោះស្រាយស្ទើរតែទាំងស្រុងហើយ ដោយសារបច្ចេកវិទ្យាបោះពុម្ពគន្លឹះបត់បែប 3D ពីក្រុមហ៊ុនដៃគូ។
ក្រៅពីអេក្រង់ដ៏ទំនើប iPhone អេក្រង់បត់នេះ ត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មី A20, ម៉ូដឹម C2, កាមេរ៉ាក្រោយចំនួន ២ គ្រាប់ និងប្រើប្រាស់ប្រព័ន្ធស្កេនម្រាមដៃ (Touch ID) នៅលើប៊ូតុងបិទ-បើក ជំនួសឱ្យប្រព័ន្ធស្កេនមុខ (Face ID) វិញ។ ចំពោះតម្លៃវិញ ត្រូវបានគេប៉ាន់ស្មានថាអាចនឹងស្ថិតក្នុងរង្វង់ប្រហែល ២,០០០ ដុល្លារ៕















