ប្រធានសហព័ន្ធ រំពឹងព្រឹត្តិការណ៍ Kombat Kun Khmer ជាផ្នែកមួយរុញគុនខ្មែរ ក្លាយជាកីឡាសកលនាថ្ងៃអនាគត

26-06-2026 14:14

(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រំពឹងការបើកទំព័រប្រវត្តិសាស្ដ្រថ្មី នៃព្រឹត្តិការណ៍ Kombat Kun Khmer នឹងក្លាយជាចលនាថ្មីមួយទៀត ដើម្បីរុញមរតកក្បាច់គុនបុរាណខ្មែរ ក្លាយជាកីឡា ដែលមានការហ្វឹកហាត់ និងប្រកួតជាសកល នាថ្ងៃអនាគត។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំកម្មវិធី Ganzberg Kombat Grand Pric Kun Khmer & Taekwondo នៅព្រឹកថ្ងៃសុក្រនេះ មុនព្រឹត្តិការណ៍នេះ ត្រៀមរៀបចំជាផ្លូវការ នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ស្អែក នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

លោកថា នេះគឺជាលើកដំបូងដែលសហព័ន្ធ និងស្ថាប័ន Kombat Global បានសហការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ក្រោយស្ថាប័នទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា (MoU)។ លើសពីភាពអស្ចារ្យ ដែលមានការប្រកួត ទាំងគុនខ្មែរ និងតេក្វាន់ដូកម្រិតពិភពលោក នេះគឺជាជំហានថ្មីមួយ ក្នុងការនាំគុនខ្មែរចូលក្នុងប្រព័ន្ធកីឡាអាជីពអន្ដរជាតិ ហើយផ្សព្វផ្សាយទៅកាន់ពិភពលោក និងជាផ្នែកមួយនៃចក្ខុវិស័យរួមក្នុងការលើកកម្ពស់គុនខ្មែរឲ្យក្លាយជាកីឡាករមួយរបស់សកលលោកផងដែរ។

ប្រធានសហព័ន្ធដដែលបន្ដថា បច្ចុប្បន្ន Kombat Global មានប្រទេសសមាជិកចំនួន ១២១ប្រទេស និងមានក្លិបរាប់ពាន់ទូទាំងពិភពលោក។ ក្រៅពីកិច្ចសហការរៀបចំព្រឹត្តិការណ៍ បណ្ដាក្លិបសមាជិកទាំងអស់នោះ ក៏បានឯកភាពនឹងបញ្ចូលគុនខ្មែរ ក្នុងកម្មវិធីហ្វឹកហាត់ប្រចាំក្លិប ។ នេះគឺជាការគាំទ្រមួយដ៏ធំពីស្ថាប័នអន្ដរជាតិ ក្នុងការរួមចំណែកធ្វើឲ្យគុនខ្មែរ ត្រូវបានទទួលស្គាល់ដោយប្រទេសសមាជិកយ៉ាងហោច ១២១ប្រទេស ក៏ដូចជាការហ្វឹកហាត់ និងផ្សព្វផ្សាយពីគុនខ្មែរ តាមរយៈការប្រកួត ទាំងនៅកម្ពុជា និងបណ្ដាប្រទេសសមាជិកទាំងអស់។

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា «នេះគឺជាសញ្ញាណដ៏ល្អវិសេសវិសាលមួយសម្រាប់គុនខ្មែរ ដែលបង្ហាញថា ពិភពលោកកំពុងតែចាប់អារម្មណ៍ និងចោលភ្នែកមកលើគុនខ្មែរ ក៏ដូចជាប្រទេសកម្ពុជា ហើយចាប់ដៃគូសហការ បណ្ដុះបណ្ដាល ផ្នែកវិស័យកីឡាប្រយុទ្ធ ក្រោមកិច្ចសហការជាមួយស្ថាប័ន Kombat Global ។ នៅថ្ងៃអនាគត យើងនឹងសហការជាមួយស្ថាប័នផ្សេងៗទៀត ដើម្បីជំរុញការធ្វើសកលភាវូបនីយកម្មនូវកីឡាប្រពៃណីរបស់យើងឲ្យឈានទៅរកកម្រិតមួយ ដែលទទួលស្គាល់ជាលក្ខណៈសកល លើសពីកីឡាប្រពៃណី ដែលហ្វឹកហាត់ និងប្រកួតត្រឹមក្នុងស្រុក គឺក្លាយជាកីឡាដែលហ្វឹកហាត់ និងប្រកួតជាសកលតែម្ដង»

ជាមួយគ្នាលោកប្រធាន Rick W.Shin ប្រធានស្ថាប័ន Kombat Global បាន​ទទួលស្គាល់​ពី​ប្រវត្តិ​ដ៏យូរលង់​នៃក្បាច់​គុន​របស់​​ដូនតា​ខ្មែរ។ លោកថា Kombat ត្រូវបានគេទទួលស្គាល់ និងមានការប្រកួតទូទាំងពិភពលោកជាច្រើនឆ្នាំមកហើយ ហើយពេលនេះ ពិភពលោក នឹងបានតាមដាន និងត្រៀមទទួលនូវអ្វីដែលជាការប្រកួតប្រជែងដ៏អស្ចារ្យ នូវកីឡាប្រដាល់គុនខ្មែរ ដែលលោកហៅថា Kombat Kun Khmer ជាមួយការបើកទំព័រដំបូងពីទឹកដីកំណើនគុនខ្មែរ ដែលនឹងត្រូវរៀបចំនៅស្ដាតចាស់ នារាត្រីថ្ងៃសៅរ៍ស្អែក និងបើកឲ្យមហាជនចូលរួមទស្សនាដោយសេរី។

ជាមួយកម្មវិធីដំបូង ក្រោយការចាប់ដៃគ្នារវាងគុនខ្មែរ និងស្ថាប័ន Kombat ខាងលើ រួមមានការប្រកួតវិញ្ញាសាគុនខ្មែរ ៤គូ និងតេក្វាន់ដូ ៤គូ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនី ៦រូប ត្រូវជួបតតាំងជាមួយកីឡាករ-កីឡាការិនីបរទេសផ្សេងៗគ្នាផងដែរ។ ចំណែកគូឯក ដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកក្នុងព្រឹត្តិការណ៍នេះ គឺជាជំនួបរវាងកីឡាករអេស្ប៉ាញ Martin Iglesias Rial ប៉ះកីឡាករប្រេស៊ីល Romenig Hervano ក្នុងប្រភេទកីឡាតេក្វាន់ដូទម្ងន់ ៧៤គីឡូក្រាម។ នេះគឺជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ការប្រកួតក្នុងទ្រង់ ដែលមានចម្រុះ ទាំងគុនខ្មែរ និងតេក្វាន់ដូបែបនេះ៕