ក្រុមហ៊ុន TikTok និង YouTube បានបិទគណនីកុមារចំនួនជិត ៥លានគណនីនៅឥណ្ឌូនេស៊ី ក្រោយមានការរឹតបន្តឹងពីរដ្ឋាភិបាល

26-06-2026 14:58

(បរទេស)៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ីបានប្រកាសថា ក្រុមហ៊ុនបណ្តាញសង្គម TikTok និង YouTube បានបិទគណនីសរុបប្រហែល ៤.៧ លានគណនី ដែលជារបស់កុមារមានអាយុក្រោម ១៦ឆ្នាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលវិធានការរឹតបន្តឹងលើបណ្តាញសង្គមរបស់ប្រទេសនេះចាប់ផ្តើមមានប្រសិទ្ធភាព។

កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានបិទគណនីចំនួន ៤.១ លានគណនី និង YouTube ដែលជាវេទិកាវីដេអូរបស់ក្រុមហ៊ុន Google ស្ថិតក្រោមក្រុមហ៊ុនមេ Alphabet បានបិទគណនីចំនួន ៦០០,០០០ គណនី។ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រសួងចង់ឱ្យក្រុមហ៊ុនដទៃទៀតអនុវត្តតាមវិធានការនេះដែរ។ ភ្លាមៗនោះ មិនទាន់មានការឆ្លើយតបណាមួយពីក្រុមហ៊ុនទាំងពីរចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ កាលពីខែមីនា ប្រទេសឥណ្ឌូនេស៊ីបានចេញបទប្បញ្ញត្តិមួយ ដែលតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមទាំងឡាយណាដែលខ្លួនចាត់ទុកថាមាន «ហានិភ័យខ្ពស់» ត្រូវបិទគណនីជារបស់កុមារអាយុក្រោម ១៦ឆ្នាំ ដែលរហូតមកដល់ពេលនេះ រួមមានទាំងបណ្តាញសង្គម X, Instagram របស់ក្រុមហ៊ុន Meta និងវេទិកាហ្គេម Roblox ផងដែរ។

«យើងមិនមែនគ្រាន់តែពន្យារពេលនៃការចូលប្រើប្រាស់របស់កុមារនោះទេ ប៉ុន្តែយើងចង់ឱ្យមានការផ្លាស់ប្តូរឥរិយាបថពីសំណាក់ក្រុមហ៊ុនវេទិកាទាំងនោះផងដែរ»។ នេះជាការ បញ្ជាក់របស់លោកស្រី Meutya Hafid។ ការរឹតបន្តឹងរបស់ប្រទេសឥណ្ឌូនេស៊ី ដែលរដ្ឋាភិបាលបានអះអាងថា ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) និងការជក់ញៀនបណ្តាញសង្គម បានដើរតាមគន្លងនៃការហាមឃាត់របស់ប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ជុំវិញក្តីបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គមទៅលើសុខភាពផ្លូវចិត្តរបស់យុវជន។

គួរជម្រាបថា ការពិសោធន៍ដ៏ឈានមុខគេរបស់ប្រទេសអូស្ត្រាលី កំពុងត្រូវបានតាមដានយ៉ាងដិតដល់ ដោយបណ្តាប្រទេសជុំវិញពិភពលោកកំពុងស្វែងរកការអនុវត្តតាម ចំពេលមានក្តីបារម្ភអំពីសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ។ ដោយឡែក ប្រទេសអង់គ្លេសក៏បានប្រកាសក្នុងខែនេះផងដែរថា ខ្លួនមានគម្រោងដាក់ចេញនូវការរឹតបន្តឹងឱ្យកាន់តែទូលំទូលាយ ដែលរួមបញ្ចូលទាំងវេទិកាហ្គេម និងការផ្សាយបន្តផ្ទាល់ (Live-streaming) ទៀតផង៕