អ៉ីតាលីបើកការស៊ើបអង្កេតក្រុមហ៊ុន Microsoft ជុំវិញល្បិចដំឡើងថ្លៃសេវាកម្មកាត់លុយទាំងមិនដឹងខ្លួន

26-06-2026 16:04

(បរទេស)៖ អាជ្ញាធរប្រឆាំងការផ្ដាច់មុខរបស់ប្រទេសអ៊ីតាលី បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ជុំវិញការចោទប្រកាន់ពីបទ «អនុវត្តពាណិជ្ជកម្មមិនស្មោះត្រង់»។ ការចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានដំឡើងថ្លៃសេវាកម្ម Microsoft 365 ដោយស្ងាត់ៗ ក្រោមលេសថាមានបញ្ចូលបច្ចេកវិទ្យា AI ថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២៦។

ស្ថាប័នគ្រប់គ្រងរបស់អ៊ីតាលីបានរកឃើញថា ក្រុមហ៊ុន Windows មួយនេះ មិនបានជូនដំណឹងដល់អតិថិជនឱ្យបានច្បាស់លាស់អំពីការដាក់បញ្ចូលឧបករណ៍ AI គឺ Copilot និង Designer នោះទេ។ អ្វីដែលជាបញ្ហានោះគឺ ប្រព័ន្ធបានកាត់លុយនិងប្តូរអ្នកប្រើប្រាស់ទៅគម្រោងថ្មីដែលមានតម្លៃថ្លៃជាងមុនដោយ «ស្វ័យប្រវត្តិ» លុះត្រាតែអ្នកប្រើប្រាស់ចូលទៅចុចបដិសេធ (Opt-out) ដោយខ្លួនឯង។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ស្ថាប័នឃ្លាំមើលរបស់អ៊ីតាលីបានសង្កត់ធ្ងន់ថា៖ «ការអនុវត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ អាចត្រូវបានចាត់ទុកថាជាទង្វើគឃ្លើន ព្រោះវាបានកម្រិតសេរីភាពក្នុងការជ្រើសរើសរបស់អ្នកប្រើប្រាស់ដោយមិនត្រឹមត្រូវ» ដោយសារតែពួកគេទទួលបានព័ត៌មានមិនគ្រប់គ្រាន់ក្នុងការសម្រេចចិត្តបន្តកិច្ចសន្យា។

គួរជម្រាបថា គិតមកទល់ពេលនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា៖ «ក្រុមហ៊ុន Microsoft មិនទាន់អាចទាក់ទងសុំការបំភ្លឺភ្លាមៗបាននៅឡើយទេ» ជុំវិញរឿងរ៉ាវចោទប្រកាន់ដ៏ចម្រូងចម្រាសមួយនេះ៕