សេតវិមានស្នើឱ្យក្រុមហ៊ុន OpenAI ពន្យារពេល និងកម្រិតការចេញផ្សាយម៉ូដែល AI ថ្មី ដោយសារក្តីបារម្ភផ្នែកសុវត្ថិភាព

27-06-2026 09:12

(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឱ្យក្រុមហ៊ុន OpenAI កម្រិត និងពន្យារពេលការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន គឺ GPT-5.6 ដោយសារតែមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាសន្តិសុខ និងសុវត្ថិភាពបច្ចេកវិទ្យា។ យោងតាមអនុស្សរណៈផ្ទៃក្នុងផ្ញើទៅកាន់បុគ្គលិក លោក Sam Altman នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OpenអាAI បានបញ្ជាក់ថា រដ្ឋាភិបាលមេរិកនឹងធ្វើការពិនិត្យ និងអនុម័តការផ្តល់សិទ្ធិចូលប្រើប្រាស់ម៉ូដែលថ្មីនេះ «ជាលក្ខណៈបុគ្គលចំពោះអតិថិជនម្នាក់ៗ (case-by-case)» ក្នុងអំឡុងពេលសាកល្បងដំបូង (Preview Period)។

ក្រុមហ៊ុនគ្រោងនឹងចែករំលែកប្រព័ន្ធនេះតែជាមួយក្រុមដៃគូជិតស្និទ្ធមួយចំនួនតូចប៉ុណ្ណោះ ហើយការបើកចំហជាទូទៅដល់សាធារណជនអាចនឹងត្រូវពន្យារពេលជាច្រើនសប្តាហ៍បន្ទាប់ពីនោះ។ ទីភ្នាក់ងារសហព័ន្ធ រួមមានការិយាល័យនាយកសន្តិសុខបច្ចេកវិទ្យាជាតិ (Office of the National Cyber Director) និងការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (OSTP) នឹងធ្វើជាអ្នកគ្រប់គ្រងលើដំណើរការវាយតម្លៃនេះ។ មូលហេតុនៃការរឹតបន្តឹងនេះ​ គឺដោយសារក្តីបារម្ភចម្បងរបស់សេតវិមាន គឺផ្ដោតលើសមត្ថភាពកម្រិតខ្ពស់ផ្នែកសន្តិសុខបច្ចេកវិទ្យា (Advanced Cybersecurity) របស់ម៉ូដែល AI ជំនាន់ថ្មីនេះ។ ក្រុមអ្នកជំនាញបារម្ភថា ម៉ូដែល AI ដ៏មានឥទ្ធិពលទាំងនេះអាចមានលទ្ធភាពស្វែងរក និងទាញយកប្រយោជន៍ពីចន្លោះប្រហោងនៃប្រព័ន្ធកម្មវិធី (Software Vulnerabilities) ក្នុងល្បឿនលឿនដូចម៉ាស៊ីន ដែលអាចត្រូវបានយកទៅប្រើប្រាស់ខុសច្បាប់ដោយក្រុមព័ត៌មានវិទ្យា (Cybercriminals) ដើម្បីបង្កើតកូដព្យាបាទ ឬធ្វើការវាយប្រហារជំរិតទារប្រាក់ (Ransomware) លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ។

គួរជម្រាបថា ចំណាត់ការនេះបង្ហាញពីការផ្លាស់ប្តូរជំហរយ៉ាងសំខាន់របស់រដ្ឋបាលលោក ត្រាំ ដែលកន្លងមកធ្លាប់មានគោលនយោបាយ «មិនសូវលូកដៃ» ក្នុងវិស័យ AI ដើម្បីជំរុញការបង្កើតថ្មី។ កាលពីដើមខែមិថុនា ឆ្នាំ២០២៦ នេះ ប្រធានាធិបតីទើបតែបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ (Executive Order) ថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗត្រូវដាក់ជូនម៉ូដែលថ្មីៗរបស់ខ្លួនឱ្យរដ្ឋាភិបាលធ្វើការសាកល្បង និងវាយតម្លៃលើផ្នែកសុវត្ថិភាពដោយស្ម័គ្រចិត្តរយៈពេល ៣០ ថ្ងៃ មុនពេលប្រកាសចេញជាផ្លូវការ។
ការសម្រេចចិត្តដើរតាមការស្នើសុំរបស់រដ្ឋាភិបាលពីសំណាក់ OpenAI នេះ ក៏ស្រដៀងគ្នានឹងអ្វីដែលក្រុមហ៊ុនគូប្រជែង Anthropic បានធ្វើកន្លងមកផងដែរ ដែលបានកម្រិតការប្រើប្រាស់ម៉ូដែល «Claude Mythos» របស់ខ្លួនឱ្យប្រើប្រាស់បានតែក្នុងចំណោមដៃគូមួយចំនួនតូចប៉ុណ្ណោះ ក្រោមគម្រោងឈ្មោះ «Project Glasswing»៕