Elon Musk គ្រោងបង្កើតប្រព័ន្ធទូរស័ព្ទចល័តផ្ទាល់ខ្លួន ប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សអាមេរិក
27-06-2026 10:41
(បរទេស)៖ កាសែត Financial Times (FT) បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស SpaceX របស់មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានបង្ហើបប្រាប់ក្រុមវិនិយោគិនពីផែនការធំមួយ គឺការត្រៀមបើកដំណើរការសេវាទូរស័ព្ទចល័ត Starlink សម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងសហរដ្ឋអាមេរិក។ ជំហានដ៏ធំមួយនេះ នឹងធ្វើឱ្យ SpaceX ដើរចូលទៅប្រកួតប្រជែងផ្ទាល់ជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សលំដាប់កំពូលៗរបស់អាមេរិក រួមមាន Verizon, AT&T និង T-Mobile។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ផ្អែកតាមប្រភពព័ត៌មាន លោកស្រី Gwynne Shotwell ប្រធានក្រុមហ៊ុន SpaceX បានប្រាប់ក្រុមវិនិយោគិនថា៖ «SpaceX កំពុងពិចារណាដាក់លក់ផលិតផលរាយរបស់ Starlink ហើយអាចនឹងបង្កើតបណ្តាញទូរស័ព្ទចល័តនៅលើដីផ្ទាល់ខ្លួននៅក្នុងសហរដ្ឋអាមេរិក»។ ដើម្បីត្រៀមលក្ខណៈសម្រាប់គម្រោងនេះ SpaceX បានបោះទុនរាប់ពាន់លានដុល្លារទិញអាជ្ញាប័ណ្ណរលកសញ្ញាឥតខ្សែពីក្រុមហ៊ុន EchoStar ដើម្បីបង្កើតសេវាទូរស័ព្ទភ្ជាប់ទៅផ្កាយរណបផ្ទាល់ដ៏រឹងមាំ និងមានតម្លៃសមរម្យ។
ការឈានជើងចូលទីផ្សារថ្មីនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យកក្រើកពិភពបច្ចេកវិទ្យា ដោយក្រុមហ៊ុនឈ្មួញជើងសា Oppenheimer បានលើកឡើងថា៖ «SpaceX នឹងធ្វើឱ្យមានការប្រែប្រួលខ្លាំង (Disrupt) ដល់ឧស្សាហកម្មទំនាក់ទំនងរបស់សហរដ្ឋអាមេរិកដែលមានទំហំទឹកប្រាក់ ១,៦ ទ្រីលានដុល្លារ ខណៈពេលដែលសេវាអ៊ីនធឺណិតល្បឿនលឿនតាមផ្កាយរណប Starlink របស់ខ្លួនកំពុងពង្រីកខ្លួន»។ បច្ចុប្បន្ន Starlink មានអ្នកជាវប្រចាំកើនឡើងរហូតដល់លើសពី ១០ លាននាក់ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញរបាយការណ៍ដ៏ក្តៅគគុកមួយនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថា៖ «Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ ហើយ SpaceX ក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយដែរ»៕

















