Apple ទទូចសុំរដ្ឋបាលលោក Trump ទិញបន្ទះឈីបពីក្រុមហ៊ុនចិនជាប់បញ្ជីខ្មៅ ក្រោយតម្លៃទីផ្សារហក់ឡើងខ្លាំង
27-06-2026 13:29
(បរទេស)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើការបញ្ចុះបញ្ចូល (Lobby) រដ្ឋបាលលោក Trump ដើម្បីសុំការអនុញ្ញាតទិញបន្ទះឈីបអង្គចងចាំ (Memory chips) ពីក្រុមហ៊ុនចិន ChangXin Memory Technologies (CXMT) ដែលជាក្រុមហ៊ុនកំពុងស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងការពារជាតិអាមេរិក។ ការព្យាយាមនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធហិរញ្ញវត្ថុ បន្ទាប់ពីតម្លៃបន្ទះឈីបអង្គចងចាំនៅលើទីផ្សារបានហក់ឡើងខ្ពស់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ការរុញច្រានរបស់ Apple នេះ បានស្តែងឱ្យឃើញពីស្ថានភាពដ៏ទាល់ច្រកដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងជួបប្រទះ ពោលគឺ «នៅពេលដែលការហក់ឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ បានមកជល់នឹងរនាំងរឹតបន្តឹងសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន»។ ប្រភពដដែលបានទម្លាយថា Apple បានចាប់ផ្តើមចូលជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មអាមេរិក រួមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៅវ៉ាស៊ីនតោន តាំងពីជាងមួយខែមុនម៉្លេះ។
គួរជម្រាបថា ក្រុមហ៊ុន CXMT ត្រូវបានអាមេរិកចាត់ទុកជា «ក្រុមហ៊ុនយោធាចិន» និងដាក់បញ្ជូនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម (Entity List) ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនអាមេរិកទាំងអស់មិនអាចនាំចេញទំនិញ ឬបច្ចេកវិទ្យាទៅឱ្យបានឡើយ បើគ្មានអាជ្ញាប័ណ្ណពិសេស។ ការស្វែងរកប្រភពផ្គត់ផ្គង់ថ្មីតម្លៃធូរថ្លៃនេះ ធ្វើឡើងបន្ទាប់ពី Apple ទើបតែបានសម្រេចចិត្តដំឡើងតម្លៃ iPad និង MacBook ដោយសារតែខ្លួន «មិនអាចរ៉ាប់រងថ្លៃដើមជំនួសអតិថិជនបានទៀតទេ ចំពោះការហក់ឡើងយ៉ាងខ្លាំងនៃតម្លៃបន្ទះឈីប ដែលជំរុញដោយសារការរីកដុះដាលនៃហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ AI»៕














