ទេសរដ្ឋមន្ដ្រី ថោង ខុន ជំរុញយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡា ១ប្រភេទយ៉ាងតិច» ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ក្នុងទិវាអូឡាំពិក ឆ្នាំ២០២៦

28-06-2026 12:45

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យសិស្សានុសិស្ស និងអត្តពលិកជាតិទាំងអស់ ចូលរួមបំផុសចលនា «ហាត់ប្រាណ និងលេងកីឡាអស់ ១ជីវិត» ស្របតាមយុទ្ធនាការប្រជាជនម្នាក់ លេងកីឡា ១ប្រភេទយ៉ាងតិច» ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោកបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធ បានរៀបចំ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីមន្ដ្រីទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អត្តពលិកជាតិ និងសិស្សានុសិស្សសរុបប្រមាណ ៨០០នាក់។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា នេះគឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក្នុងការប្រារព្វខួបលើកទី១៣២ នៃទិវាអូឡាំពិក ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤ - ២៣ មិថុនា ២០២៦) ដែលផ្តួចផ្តើមដោយស្ថាបនិកជនជាតិបារាំងគឺលោក Pierre de Coubertin។ ទិវាអូឡាំពិកឆ្នាំនេះប្រព្រឹត្តទៅក្រោមមូលបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨» ជាមួយយុទ្ធនាការ «ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិច» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា «ក្នុងឱកាសទិវាអូឡាំពិក ឆ្នាំ២០២៦ នេះ ខ្ញុំសូមអំពាវនាវឲ្យក្មួយៗសិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។

ទន្ទឹមជាមួយការរៀបចំវេទិកាកីឡាសំខាន់ៗ២ ក្នុងពេលតែមួយ ក្រោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមទាំងអតីត និងអត្តពលិកអូឡាំពិក ក្នុងការចែករំលែកពីប្រវត្តិកីឡា និងអត្ថប្រយោជន៍នៃកីឡាដល់សិស្សានុសិស្ស ពិសេសដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨ NOCC ក៏បានរៀបចំនូវកម្មវិធីរត់កម្សាន្ដ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបំផុសស្មារតីស្រលាញ់ និងចូលរួមលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ មន្ដ្រីទូត ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមព្រឹត្តិការណ៍នេះផងដែរ៕