យល់ដឹងផ្នែកច្បាប់៖ អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន

28-06-2026 14:06

(ភ្នំពេញ)៖ នៅក្នុងទិដ្ឋភាពសង្គមបច្ចុប្បន្ន យើងសង្កេតឃើញថា ការធ្វើជំនួញជួញដូរនៅលើទីផ្សារ គឺមានភាពមមាញឹក និងរីកចម្រើនច្រើន ក៏ប៉ុន្តែបើក្រឡេកមកមើលជ្រុងមួយនៃការធ្វើជំនួញរបស់ក្រុមហ៊ុនមួយចំនួនក៏មានការធ្លាក់ចុះផងដែរ ។ ទន្ទឹមនឹងការធ្លាក់ចុះនេះ ក៏អាចបណ្ដាលឱ្យក្រុមហ៊ុនទាំងនោះជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ រហូតអាចឈានដល់ការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុនថែមទៀតផង ។ ដើម្បីគ្រប់គ្រងស្ថានការណ៍ទាំងនោះ ច្បាប់ស្ដីពីក្ស័យធន ជាផ្នែកមួយដ៏សំខាន់ដែលបានចូលកំណត់ជាវិធាន លក្ខខណ្ឌ នីតិវិធី និងដំណើរការ ដើម្បីស្ដារនីតិសម្បទារបស់ក្រុមហ៊ុនទាំងនោះឱ្យប្រសើរឡើងវិញ ។ គួរបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងដំណើរការនៃនីតិវិធីនៅក្នុងសំណុំរឿងក្ស័យធនមាន តួអង្គមួយដែលសំខាន់ ដោយមិនអាចខ្វះបាននោះគឺ អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន ។ តើអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធនជាអ្នកណា ? ហើយដើម្បីក្លាយជា អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន តម្រូវឱ្យមានលក្ខខណ្ឌអ្វីខ្លះ ?

ដូច្នេះដើម្បីយល់ឱ្យកាន់តែច្បាស់ និងស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា ដូចតទៅ៖

អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន សំដៅដល់រូបវន្តបុគ្គលដែលទទួលបានអាជ្ញាបណ្ណពីក្រសួងយុត្តិធម៌ និងត្រូវបានតែងតាំងដោយតុលាការ ដើម្បីគ្រប់គ្រង ចាត់ចែងទ្រព្យសម្បត្តិ ផ្ដល់នីតិសម្បទាដល់អាជីវកម្មរបស់កូនបំណុល ព្រមទាំងផ្តល់ការទូទាត់ ឬការសងជាសមូហភាពដល់ម្ចាស់បំណុលតាមលំដាប់អាទិភាព ក្នុងករណីដែលអាជីវកម្មរបស់កូនបំណុលមិនអាចត្រូវបានស្ដារនីតិសម្បទាឡើងវិញ ។

យោងតាមប្រកាសលេខ ០៦៧ កយ.ប្រក/២៤ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្តីពី ការផ្តល់អាជ្ញាបណ្ណជាអភិបាល
បណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធនរបស់ក្រសួងយុត្តិធម៌ ចំពោះរូបវន្ដបុគ្គល ដែលមានបំណងដើម្បីក្លាយជា អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធនបាន គឺត្រូវស្នើសុំអាជ្ញាបណ្ណ ពីក្រសួងយុត្តិធម៌ និងត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចមានចែងត្រង់ប្រការ៥នៃប្រកាសនេះដូចខាងក្រោម៖

១. ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ។
២. មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សា ឬសញ្ញាបត្រដែលមានតម្លៃប្រហាក់ប្រហែលលើជំនាញ នីតិសាស្ត្រ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម និងគ្រប់គ្រងធុរកិច្ច ។
៣. មានបទពិសោធយ៉ាងតិច ៥ (ប្រាំ) ឆ្នាំ លើការងារជំនាញដែលបានរៀបរាប់ក្នុងចំណុចទី២ ខាងលើ ។
៤. មានទីកន្លែងបំពេញការងារជាអភិបាលបណ្តោះអាសន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៥. មិនស្ថិតនៅក្នុងករណីណាមួយដូចខាងក្រោម៖
ក. ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយចេតនា
ខ. ធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា
គ. ធ្លាប់ធ្វើជាភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតភាគច្រើនដាច់ខាត ឬធ្លាប់ជាអភិបាលនៃក្រុមហ៊ុនណាមួយដែលត្រូវបានប្រកាសក្ស័យធននៅក្នុង ឬក្រៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតត្រឹមកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំ
ឃ. មានស្ថានភាពដែលអាចជឿជាក់ថាបុគ្គលដាក់ពាក្យស្នើសុំ មិនអាចធ្វើសកម្មភាពក្រោមលក្ខខណ្ឌអាជ្ញាបណ្ណប្រកបដោយប្រសិទ្ធភាព និងភាពស្មោះត្រង់
ង. មានស្ថានភាពដែលអាចជឿជាក់ថាបុគ្គលដាក់ពាក្យស្នើសុំ មិនអាចធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុល និងកូនបំណុល ដោយសារបញ្ហាពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ សុចរិតភាព និងភាពដែលអាចទុកចិត្តបាន ។

គួរបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានអាជ្ញាបណ្ណខាងលើ អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន ត្រូវមានកាតព្វកិច្ចតាមច្បាប់កំណត់ដូចមានចែងក្នុងប្រកាសស្ដីពីការផ្ដល់អាជ្ញាបណ្ណជាអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធនដូចជា ត្រូវផ្តល់របាយការណ៍ និងឯកសារពាក់ព័ន្ធ (សំណុំរឿងក្ស័យធនដែលទទួលបន្ទុក បញ្ហាប្រឈមក្នុងការបំពេញមុខងារ សេចក្ដីសម្រេចបិទបញ្ចប់សំណុំរឿងក្ស័យ ជាដើម) និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំដោយក្រសួងយុត្តិធម៌ ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានការអនុញ្ញាតពីក្រសួងយុត្តិធម៌ និងកាតព្វកិច្ចផ្សេងៗទៀតតាមច្បាប់កំណត់ ។ ក្នុងករណីដែលអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ និងប្រកាសរបស់ក្រសួងយុត្តិធម៌ទេ នោះអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន អាចប្រឈមនឹងការព្យួរ ឬដកហូតអាជ្ញាបណ្ណរបស់ខ្លួន ដោយក្រសួងយុត្តិធម៌ ឬត្រូវទទួលរងទណ្ឌកម្មរដ្ឋបាលណាមួយដូចជា ការស្តីបន្ទោសដោយផ្ទាល់មាត់ ការស្តីបន្ទោសជាលាយលក្ខណ៍អក្សរដោយមានចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន ការព្យួរអាជ្ញាបណ្ណ ឬការដកហូតអាជ្ញាបណ្ណ ។

សរុបជារួមមក អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន គឺពិតជាតួអង្គមួយដ៏សំខាន់ក្នុងសំណុំរឿងក្ស័យធន មែន ព្រោះមិនត្រឹមតែត្រូវមានសមត្ថភាពនោះទេ ហើយថែមទាំងត្រូវមានកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនតាមច្បាប់កំណត់ផងដែរ ។ ក្នុងករណី អភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធន ដែលត្រូវតែងតាំងដោយតុលាការនៅក្នុងសំណុំរឿងក្ស័យធន បានប្រព្រឹត្តនូវកំហុស ឬមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនណាមួយ នោះក៏ត្រូវប្រឈមនឹងការផ្លាស់ប្ដូរអភិបាលបណ្ដោះអាសន្នក្នុងសំណុំរឿងក្ស័យធនថ្មីមកជំនួស ហើយអាចត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល និង/ឬវិន័យផ្សេងៗទៀត តាមច្បាប់កំណត់ទៀតផង ។

រៀបរៀងដោយ៖ លោកមេធាវី ប៉ូល គីមសេង និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕