មិត្តហ្វូន លើកកម្ពស់ការទទួលខុសត្រូវ សង្គមតាមរយៈការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយប្រឆាំងគ្រឿងញៀននៅកម្ពុជា

29-06-2026 10:32

(ភ្នំពេញ)៖ តាមរយៈការគាំទ្រដល់កម្មវិធីរំលឹកខួបនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្រុមហ៊ុនមិត្តហ្វូនបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការងាររួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគំនិតផ្តួចផ្តើមដើម្បីសហគមន៍នានា ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជួយកសាងសង្គមមួយដែលមានសុវត្ថិភាព និងសុខភាពកាន់តែល្អប្រសើរ។

ជាផ្នែកមួយនៃសកម្មភាពនានាដើម្បីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូនបានចាប់ដៃគូជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្នុងការរៀបចំកម្មវិធីរំលឹកខួបដែលបានប្រព្រឹត្តទៅនៅកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»

កម្មវិធីនេះបានទាក់ទាញការចូលរួមពីតំណាងបណ្តាក្រសួងនានារបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងយុវជន និងសាធារណជនយ៉ាងច្រើនកុះករ។ ពួកគេបានរួមគ្នាពង្រឹងសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹង និងការជំរុញឱ្យមានសកម្មភាពរួមគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការសេពគ្រឿងញៀន។

ការចូលរួមរបស់ក្រុមហ៊ុនមិត្តហ្វូននៅក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយការបញ្ចូលការទទួលខុសត្រូវសង្គមទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុនមិត្តហ្វូនក៏បានគាំទ្រយ៉ាងសកម្មដល់គំនិតផ្តួចផ្តើមនានាក្នុងវិស័យអប់រំ សុខាភិបាល សុខុមាលភាពសង្គម និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ក្រុមហ៊ុនមិត្តហ្វូន ការកសាងសង្គមឱ្យកាន់តែប្រសើរឡើង គឺលើសពីការផ្តល់នូវការតភ្ជាប់ប្រព័ន្ធឌីជីថល។ វាក៏មានន័យថាជាការបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈកិច្ចសហការរវាងអាជីវកម្ម ស្ថាប័នរដ្ឋាភិបាល និងសហគមន៍ផងដែរ។ ដោយផ្អែកលើជំនឿចិត្តនេះ ក្រុមហ៊ុននឹងបន្តគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណាដែលលើកកម្ពស់គុណភាពជីវិត និងរួមចំណែកដល់បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សម្លឹងទៅមុខ ក្រុមហ៊ុនមិត្តហ្វូននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋាភិបាល និងដៃគូនានា ដើម្បីអនុវត្តកម្មវិធីសហគមន៍ដែលមានអត្ថន័យ ដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ព្រមទាំងបញ្ជាក់ជាថ្មីនូវតួនាទីរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍មួយដែលប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕