តេជោលីគ រកឃើញក្រុមឡើងវគ្គ ១/២ ខណៈឱកាសវិសាខា ជួបបញ្ជាការដ្ឋានអង្គរក្ស នៅវគ្គផ្ដាច់ព្រ័ត្រមានភាគរយខ្ពស់

29-06-2026 14:06

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ បានបញ្ចប់ការប្រកួតជុំទី២ និងរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ជាផ្លូវការ ដោយវិសាខាបានគ្រងកំពូលតារាង ជាមួយកំណត់ត្រាឈ្នះ ៥ប្រកួតជាប់គ្នា គ្រាដែលម្ចាស់កំពូលតារាងជុំទី១ បញ្ជាការដ្ឋានអង្គរក្ស បានធ្លាក់មកឈរលេខ២ តាមពីក្រោយដោយក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ៣ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤។

យោងតាមរូបមន្ដប្រកួតលីគបាល់ទះដ៏ធំជាងគេនៅកម្ពុជានេះ សម្រាប់វគ្គខ្វែង ៤ក្រុមចុងក្រោយ វិសាខាត្រូវជួបក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ខណៈក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀងនាថ្ងៃទី០១ ខែកក្កដាខាងមុខ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើការប្រកួតកាត់សេចក្ដីនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

ផ្អែកលក្ខខណ្ឌនេះ គួបផ្សំជាមួយការបង្ហាញទម្រង់លេងដ៏ល្អរបស់ក្រុមបាល់ទះវិសាខា និងក្រុមបញ្ជាការដ្ឋានអង្គរក្ស បច្ចុប្បន្នក្រុមទាំងពីរ ត្រូវបានចាត់ទុកជាក្រុមមានប្រៀប និងមានភាគរយខ្ពស់ អាចឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដ្បិតជាជំនួបដ៏កក្រើក ដែលអ្នកគាំទ្រចង់ឃើញបំផុត បន្ទាប់ពីជួបគ្នាកាលពីជុំទី១ បញ្ជាការដ្ឋានអង្គរក្សបានយកឈ្នះ ៣-២សិត តែជុំទី២ វិសាខាបានយកឈ្នះដាច់វិញ ៣-០សិត ស្ទើរមិនគួរជឿកាលពីថ្មីៗ។

ក្រឡេកទៅមើលប្រវត្តិជួបគ្នារវាងបេក្ខភាព Top-4 វិញ វិសាខាធ្លាប់បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ទាំង ២ជុំ ដោយលទ្ធផល ៣-០សិតនៅជុំទី១ និង ៣-១សិតនៅជុំទី២។ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស គឺបានយកឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀងទាំង ២ជុំដូចគ្នា ក្នុងលទ្ធផល ៣-១សិត នៅជុំទី១ និង ៣-០សិត នៅជុំទី២។ ផ្អែកលើលទ្ធផលនេះ ច្បាស់ណាស់ស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នឹងពិបាករារាំងដំណើរឡើងទៅវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមខ្លាំងទាំងពីរ។

សូមរំឮកថា ព្រឹត្តិការណ៍បាល់ទះតេជោលីគឆ្នាំនេះ មានបេក្ខភាពចូលរួមសរុប ៨ក្រុម ដែលធ្វើការប្រកួតជម្រុះជុំទី១ ហើយមាន ២ក្រុមត្រូវបានកាត់សេចក្ដី គឺស្នងការនគរបាលខេត្តព្រះសីហនុ និងកងពលធំអន្ដរាគមន៍លេខ៣ ហើយសល់បេក្ខភាព ៦ក្រុមឡើងមកប្រកួតជុំទី២ ហើយជម្រុះ ២ក្រុមទៀត គឺក្រុមក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តកោះកុង ដែលឈរលេខ៥ និងលេខ៦។ ដូច្នេះនៅសល់ ៤ក្រុមចុងក្រោយ ចាំមើលតើក្រុមណា នឹងក្លាយជាជើងឯកតេជោលីគ ឆ្នាំ២០២៦?