រដ្ឋាភិបាលកូរ៉េខាងត្បូង ចាប់ដៃជាមួយ Samsung និង SK Hynix បោះទុនជិត ៦០០ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលផលិតឈីប AI ដ៏មហាសាល

29-06-2026 14:41

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង សហការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបចងចាំ ធំបំផុតទាំងពីរនៅលើលោក គឺក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK Hynix បានប្រកាសជាផ្លូវការនូវគម្រោងវិនិយោគខ្នាតយក្ស ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៩១១ ទ្រីលានវ៉ុន (ប្រមាណ ៥៩១ ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ថ្មីៗជាច្រើនកន្លែង សំដៅដណ្តើមឧត្តមភាពផ្តាច់មុខនៅក្នុងសមរភូមិ AI ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung រួមជាមួយប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Samsung លោក Lee Jae-yong និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SK Group លោក Chey Tae-won បានបង្ហាញពីយុទ្ធសាស្ត្រពង្រីកមូលដ្ឋានឧស្សាហកម្មឈីបចេញពីតំបន់រដ្ឋធានីសេអ៊ូល ឆ្ពោះទៅកាន់តំបន់ភាគនិរតីនៃប្រទេស។

តាមផែនការមេនៃមហាគម្រោងនេះ ចំណុចគន្លឹះសំខាន់ៗរួមមាន ក្រុមហ៊ុន Samsung Electronics និង SK Hynix នឹងបោះទុនរួមគ្នាចំនួន ៨០០ ទ្រីលានវ៉ុន (ប្រមាណ ៥១៧ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រផលិតឈីបកម្រិតខ្ពស់ចំនួន ៤ កន្លែង (ម្នាក់ ២កន្លែង) ស្ថិតនៅតំបន់ភាគនិរតី រួមមានទីក្រុងក្វាងជូ (Gwangju) និងខេត្តចូឡាខាងត្បូង (South Jeolla)។ ថវិកាចំនួន ៨១ ទ្រីលានវ៉ុន នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់តំបន់ឧស្សាហកម្មវេចខ្ចប់ឈីបកម្រិតខ្ពស់ ជាពិសេសគឺឈីបចងចាំល្បឿនលឿន (High-Bandwidth Memory ឬ HBM) ដែលជាបេះដូងមិនអាចខ្វះបានសម្រាប់ដំណើរការប្រព័ន្ធ AI របស់ក្រុមហ៊ុនធំៗដូចជា Nvidia និង Google ស្ថិតនៅក្នុងខេត្តឈុងឆង (Chungcheong)។

គម្រោងនេះមានគោលដៅ «តម្លើងសមត្ថភាពផលិតឈីបប្រភេទ DRAM របស់កូរ៉េខាងត្បូងឱ្យកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ» ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ AI ដែលកំពុងហក់ឡើងខ្លាំងដូចទឹកបាក់ទំនប់។

លោកប្រធានាធិបតី បានថ្លែងសង្កត់ធ្ងន់នៅក្នុងឱកាសនោះថា៖ «ការប្រកួតប្រជែងលើវិស័យ AI ពិភពលោកបច្ចុប្បន្ន គឺជាសង្គ្រាមល្បឿន។ យើងត្រូវតែដណ្តើមយកគ្រឿងបង្គុំស្នូលនៃបច្ចេកវិទ្យា AI ឱ្យបានលឿនជាងប្រទេសដទៃ។ បន្ទះឈីប, ប្រព័ន្ធរូបវន្ត AI និងមជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) គឺជាអ័ក្សទាំងបីសម្រាប់ការបោះជំហានទៅមុខដ៏អស្ចារ្យរបស់យើង»

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង លោក Kim Jung-kwan ក៏បានពន្យល់បន្ថែមផងដែរថា មូលហេតុដែលរដ្ឋាភិបាលសម្រេចចិត្តពង្រីកតំបន់ឧស្សាហកម្មឈីបថ្មីទៅកាន់ភាគនិរតី ដោយសារតែតំបន់ឧស្សាហកម្មចាស់ៗនៅជុំវិញរដ្ឋធានីសេអ៊ូល (ដូចជា យ៉ុងអ៊ីន និង ផ្យ៉ុងថេក) បានដើរដល់ចំណុចទាល់ច្រក និងខ្វះខាតធនធានជាយុទ្ធសាស្ត្រ ដូចជាដីធ្លី ប្រភពទឹកស្អាត និងកម្លាំងអគ្គិសនីវ៉ុលខ្ពស់សម្រាប់ផ្គត់ផ្គង់រោងចក្រ ខណៈតំបន់ភាគនិរតីមានប្រភពថាមពលអគ្គិសនីបម្រុងយ៉ាងសម្បូរបែប។

ចំណាត់ការបោះទុនរាប់សែនលានដុល្លារនាពេលនេះ បានកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយបានកើតឡើងនៅលើទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង ដោយក្រុមហ៊ុន SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតប្រចាំប្រទេស តាមរយៈការក្តោបក្តាប់ចំណែកទីផ្សារឈីប HBM សម្រាប់ផ្គត់ផ្គង់ឱ្យ AI រហូតដល់ទៅ ៦១% លើសកលលោក។ ដូច្នេះ ការប្រកាសវិនិយោគរួមគ្នានេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការរួមគ្នារវាងរដ្ឋ និងឯកជន ដើម្បីធានាថាប្រទេសកូរ៉េខាងត្បូងនឹងបន្តរក្សាឋានៈជា «ស្តេចត្រួតត្រាវិស័យឈីបចងចាំ» របស់ពិភពលោកទាំងមូលដដែល មិនឱ្យគូប្រជែងផ្សេងទៀតអាចដណ្តើមបានឡើយ៕