និស្សិតកម្ពុជា ត្រូវបានស្វាគមន៍ក្រោមកម្មវិធីពានរង្វាន់អាស៊ានថ្មី របស់សាកលវិទ្យាល័យ Monash
29-06-2026 15:24
(ភ្នំពេញ)៖ កញ្ញា ពិសិដ្ឋ ម៉ូនីតា គឺជានិស្សិតមកពីរាជធានីភ្នំពេញម្នាក់ ក្នុងចំណោមនិស្សិតដំបូងគេ ដែលទទួលបាន Vice-Chancellor’s ASEAN Award ដើម្បីសិក្សានៅសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី។ អាហារូបករណ៍ថ្មីនេះ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតដែលមានសមិទ្ធផលខ្ពស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសិក្សានៅសាកលវិទ្យាល័យ។
ម៉ូនីតា មានទីលំនៅស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយគ្រួសារ។ បន្ទាប់ពីបានឮដំណឹងពីមិត្តភក្តិគ្រួសារ ដែលមានកូនទៅសិក្សានៅសាកលវិទ្យាល័យ Monash កាលពីឆ្នាំកន្លងទៅ នាងពិតជារំភើបចំពោះឱកាសមួយនេះ ដែលអាចផ្លាស់ទៅសិក្សានៅប្រទេសអូស្ត្រាលី។
នាងបាននិយាយថា៖ «ម្ដាយរបស់ខ្ញុំ គឺជាអ្នកជម្រុញទឹកចិត្តដ៏ធំមួយមកកាន់ខ្ញុំ។ គាត់បានបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្រ្តអស់រយៈពេលជាយូរមកហើយ ហើយខ្ញុំតែងតែមានគោលបំណងដើរតាមគន្លងរបស់គាត់ និងបើកដំណើរការអាជីវកម្មស្រដៀងគ្នាមួយជារបស់ខ្លួនឯង»។
ពានរង្វាន់នេះជួយគាំទ្រទៅលើការសិក្សារបស់ម៉ូនីតាឆ្ពោះទៅកាន់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ក្នុងឆ្នាំសិក្សា ២០២៦ នេះ។
មុខវិជ្ជាវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Monash គឺពិតជាអស្ចារ្យ ហើយអាគារសិក្សាពិតជាធំខ្លាំងណាស់។ ខ្ញុំពិតជារំភើបដែលបានទៅសិក្សានៅក្នុងបរិយាកាសថ្មី ហើយជួបជាមួយមនុស្សមកពីមជ្ឍដ្ឋានផ្សេងៗគ្នា។
អាហារូបករណ៍នេះ គឺជាការផ្លាស់ប្តូរជីវិតដ៏សំខាន់មួយសម្រាប់គ្រួសាររបស់ម៉ូនីតា។ នាងបានបន្តនិយាយថា៖ «យើងមានសមាជិកផ្សេងទៀតដែលត្រូវរ៉ាប់រង ដូច្នេះអាហារូបករណ៍នេះនឹងជួយសម្រាលទៅដល់បន្ទុកហរិញ្ញវត្ងុរបស់ពួកយើង។ ប្រទេសអូស្ត្រាលី ក៏នៅជិតប្រទេសយើងផងដែរ ដែលផ្តល់ភាពងាយស្រួលឱ្យក្រុមគ្រួសាររបស់ខ្ញុំទៅលេងខ្ញុំ»។
ពានរង្វាន់ Vice-Chancellor’s ASEAN Award របស់សាកលវិទ្យាល័យ Monash គឺជាការវិនិយោគចំនួន 2.5 លានដុល្លារអូស្ត្រាលី ទៅលើនិស្សិតថ្នាក់បរិញ្ញាបត្រដែលមានសមិទ្ធផលខ្ពស់មកពីទូទាំងតំបន់ ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយថ្លៃសិក្សាតាមរយៈការកាត់បន្ថយថ្លៃសិក្សា ជំនួយសម្រាប់ការផ្លាស់ទីលំនៅ និងការផ្តល់មូលនិធិសម្រាប់ការចំណាយពាក់ព័ន្ធផ្សេងទៀត។ និស្សិតត្រូវបានជ្រើសរើសតាមរយៈដំណើរការប្រកួតប្រជែង ដោយមានសិទ្ធិទទួលបាននៅទូទាំងប្រទេសកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ចាប់តាំងពីការប្រកាសអំពីកម្មវិធីនេះនៅពាក់កណ្តាលឆ្នាំ ២០២៥ សាកលវិទ្យាល័យ បានប្តេជ្ញាផ្តល់ជំនួយបន្ថែមចំនួន ១ លានដុល្លារអូស្ត្រាលី ដល់ពានរង្វាន់ ASEAN Pathway ដែលជួយគាំទ្រដល់និស្សិតអាស៊ានដែលមានសមិទ្ធផលខ្ពស់ឱ្យចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Monash ដែលជាស្ថាប័នតម្រង់ទិសមួយដែលផ្តល់កម្មវិធីដូចជាសញ្ញាបត្រ និងឆ្នាំសិក្សាមូលដ្ឋាន ដើម្បីជួយនិស្សិតឱ្យផ្លាស់ប្តូរទៅសាកលវិទ្យាល័យ។
លោកស្រីសាស្ត្រាចារ្យ Sharon Pickering ជា Vice-Chancellor នៃសាកលវិទ្យាល័យ Monash និងជាប្រធានសាកលវិទ្យាល័យ បានមានប្រសាសន៍ថា៖ រឿងរ៉ាវរបស់ម៉ូនីតាសង្ខេបពីមូលហេតុដែល Monash ប្ដេជ្ញាផ្ដល់ការអប់រំលំដាប់ពិភពលោកដែលអាចផ្តល់ទៅដល់ប្រទេសជិតខាងក្នុងតំបន់របស់យើង។ «ពានរង្វាន់អាស៊ានមិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែជាការទទួលស្គាល់នូវសក្តានុពល ការបណ្តុះមហិច្ឆតា និងការបង្កើតឱកាសសម្រាប់សិស្សដែលនឹងបន្តធ្វើការរួមចំណែកដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ និងលើសពីនេះ។ វាក៏បង្ហាញអំពីការពង្រឹងបរិវេណសាលារបស់យើងជាមួយនឹងទស្សនៈ និងថាមពលចម្រុះដែលសិស្សដូចជាម៉ូនីតានាំមកជាមួយពួកគេផងដែរ»។
ប្រហែល ១០ ភាគរយ នៃក្រុមនិស្សិតជំនាន់ដំបូងរបស់ Monash ក្នុងឆ្នាំ១៩៦១ គឺមកពីក្រៅប្រទេសដែលភាគច្រើនមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហុងកុង។ ដោយមាននិស្សិតអាស៊ានជាង ១៦,០០០ នាក់ ដែលបានចុះឈ្មោះចូលរៀននាពេលបច្ចុប្បន្ន និងអតីតនិស្សិតអាស៊ានជិត ៦០,០០០ នាក់ ដែលពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរបស់ Monash ទៅកាន់ថ្នាក់តំបន់។
ដោយចំណងមិត្តភាពដ៏យូរអង្វែងទាំងនេះ ថ្មីៗនេះមហាវិទ្យាល័យ Monash បានបង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យ Monash ក្នុងឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាមុនចូលសាកលវិទ្យាល័យ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនេះ ជួយនិស្សិតអភិវឌ្ឍជំនាញភាសាអង់គ្លេស និងជំនាញសិក្សារបស់ពួកគេ ព្រមទាំងស្វែងយល់ពីមុខវិជ្ជាដែលត្រូវនឹងវគ្គសិក្សានាពេលអនាគត។ នៅពេលបញ្ចប់ការសិក្សា និស្សិតដែលមានពិន្ទុចូលរៀនដែលត្រូវការ អាចចូលរៀនថ្នាក់បរិញ្ញាបត្រដោយផ្ទាល់ នៅគ្រប់សាខានៃសាកលវិទ្យាល័យ Monash រួមទាំងនៅប្រទេសអូស្ត្រាលី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោកស្រីសាស្ត្រាចារ្យ Pickering ក៏បានមានប្រសាសន៍បន្ថែមថា៖ «អាស៊ីអាគ្នេយ៍ គឺជាតំបន់ដ៏មានសក្ដានុពល ដែលសម្បូរទៅដោយភាពចម្រុះខាងវប្បធម៌ និងទេពកោសល្យ។ នៅ Monash យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់អានុភាពទៅដល់មេដឹកនាំ និងអ្នកច្នៃប្រឌិតជំនាន់ក្រោយមកពីបណ្តាប្រទេសអាស៊ាន និងដើម្បីលើកកម្ពស់អនាគតដ៏ល្អប្រសើរ និងសហការគ្នាកាន់តែច្រើននៅទូទាំងតំបន់របស់យើង»។
សាកលវិទ្យាល័យ Monash ជាយូរមកហើយ តែងតែបន្តការចូលរួមដ៏មានគោលបំណងជាមួយតំបន់អាស៊ី ដោយមានសាខានៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ទីតាំងនៅប្រទេសចិន និងឥណ្ឌា ព្រមទាំងបណ្តាញអតីតនិស្សិត និងអ្នកស្រាវជ្រាវដែលកំពុងរីកចម្រើននៅទូទាំងតំបន់អាស៊ាន។ សាកលវិទ្យាល័យនេះជាប់ចំណាត់ថ្នាក់លេខ ៣១ ក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក QS ឆ្នាំ ២០២៧ ហើយបាននាំមុខគេជានិច្ចក្នុងការផ្តល់ការអប់រំ ភាពជាដៃគូ និងការជ្រើសរើសនិស្សិតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អំពីសាកលវិទ្យាល័យ Monash
សាកលវិទ្យាល័យ Monash គឺជាសាកលវិទ្យាល័យលំដាប់កំពូលមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលមានបណ្តាញសាខាអន្តរជាតិនៅក្នុងប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា និងអ៊ីតាលី។ សាកលវិទ្យាល័យ Monash ជាប់លំដាប់នៃសាកលវិទ្យាល័យឈានមុខគេដែលផ្តោតលើការស្រាវជ្រាវរបស់អូស្ត្រាលី ហៅកាត់ថា Go8 និងតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ៥០ ទូទាំងពិភពលោក (QS World University Rankings និង Times Higher Education)។
សម្រាប់អ្នកជំនាញ ព័ត៌មាន មតិយោបល់ និងការវិភាគបន្ថែម សូមចូលទៅកាន់គេហទំព័រ Monash News។



