ក្រុមហ៊ុន Apple បញ្ចេញបច្ចុប្បន្នភាពមុនកាលកំណត់ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភផ្នែកសន្តិសុខសាយប័រ បង្កឡើងដោយ AI

30-06-2026 09:33

(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនកំពុងជំរុញការបញ្ចេញនូវស៊េរីបច្ចុប្បន្នភាពកម្មវិធី (Software Updates) ឱ្យបានលឿនជាងកាលពីមុនៗ ដែលខុសពីធម្មតាដែលត្រូវរង់ចាំដាក់បញ្ចូលជាមួយប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភផ្នែកសន្តិសុខសាយប័រ ដែលជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួនកំពុងសម្របខ្លួនទៅនឹងតថភាពជាក់ស្តែង ដែលបច្ចេកវិទ្យា AI មានសមត្ថភាពអាចជួយពន្លឿនការអភិវឌ្ឍឧបករណ៍លួចចូលប្រព័ន្ធ (Hacking tools) ពីសំណាក់ក្រុមហេគឃ័រ (Hackers)។ ហេតុនេះទើបក្រុមហ៊ុនចាំបាច់ត្រូវកាត់បន្ថយរយៈពេលរង់ចាំ ចាប់តាំងពីពេលដែលរកឃើញចន្លោះប្រហោង រហូតដល់ពេលបញ្ជូនបច្ចុប្បន្នភាពទៅដល់ដៃអ្នកប្រើប្រាស់។

ការផ្លាស់ប្តូរនេះ បង្ហាញពីរបត់ដ៏សំខាន់មួយលើទម្លាប់រាប់ឆ្នាំរបស់ Apple ដែលតែងតែចងកញ្ចប់ដោះស្រាយបញ្ហាសន្តិសុខ (Security fixes) រួមគ្នាជាមួយនឹងការចេញផ្សាយកម្មវិធីធំៗ។ នេះជាការទទួលស្គាល់ថា AI កំពុងតែបង្រួមពេលវេលារបស់ពួកវាយប្រហារ ក្នុងការទាញយកផលប្រយោជន៍ពីចន្លោះប្រហោងនៃប្រព័ន្ធដែលគេបានដឹង។ ជាទូទៅ លើកលែងតែមានការរកឃើញយុទ្ធនាការ Hacking ណាមួយដែលកំណត់គោលដៅលើចន្លោះប្រហោងមិនទាន់ស្គាល់ (Unknown flaw) ក្រុមហ៊ុន Apple តែងតែបញ្ចេញបច្ចុប្បន្នភាពសន្តិសុខរួមគ្នាជាមួយការផ្លាស់ប្តូរពី iOS ជំនាន់មួយទៅជំនាន់មួយទៀត (ឧទាហរណ៍៖ ពីជំនាន់បច្ចុប្បន្ន 26.5 ទៅកាន់ជំនាន់បន្ទាប់ 26.6)។ ក្នុងកំឡុងពេលអន្តរកាលនោះ ក្រុមអ្នកអភិវឌ្ឍន៍ (Developers) និងអ្នកសាកល្បងផ្សេងទៀត នឹងធ្វើការតេស្តកំណែទម្រង់បន្ទាប់ ដើម្បីកែតម្រូវចន្លោះប្រហោងនានា។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់បច្ចុប្បន្នភាពផ្នែកសន្តិសុខជុំចុងក្រោយនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាទូទៅសម្រាប់រាល់គ្នាភ្លាមៗ ដោយមិនបាច់រង់ចាំការចេញផ្សាយជាផ្លូវការនៃប្រព័ន្ធប្រតិបត្តិការ iOS 26.6 នោះឡើយ។ ក្រុមហ៊ុន Apple បានបន្ថែមថា ទោះបីជាមិនទាន់មានភស្តុតាងណាមួយបង្ហាញថា ចន្លោះប្រហោងដែលទើបតែជួសជុលទាំងនោះត្រូវបានពួកហេគឃ័រលួចវាយប្រហារក៏ដោយ ប៉ុន្តែរយៈពេលរវាងការប្រកាសរកឃើញចន្លោះប្រហោង រហូតដល់ការដាក់ពង្រាយប្រព័ន្ធការពារទៅលើទូរសព្ទរបស់អតិថិជន គឺដាច់ខាតត្រូវតែធ្វើឱ្យកាន់តែលឿនបំផុតតាមដែលអាចធ្វើទៅបាន៕