មន្ដ្រីកីឡាជំនាញកម្ពុជា បញ្ចប់វគ្គបណ្ដុះបណ្ដាលនៅចិន ដោយជោគជ័យ ដើម្បីជំរុញការអភិវឌ្ឍកីឡានៅកម្ពុជា
30-06-2026 10:22
(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាជំនាញកម្ពុជា ៧រូប ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែង សម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍ នៅសាធារណរដ្ឋប្រជាមានិតចិន បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ការសិក្សារយៈពេល ២សប្ដាហ៍ដោយជោគជ័យ ដើម្បីនាំយកចំណេះដឹងទាំងអស់ មកចូលរួមជំរុញការអភិវឌ្ឍកីឡាប្រកួតប្រជែងនៅកម្ពុជា។
តាមការបញ្ជាក់របស់ប្រតិភូកីឡាជំនាញកម្ពុជា ដែលដឹកនាំនាំដោយលោក ផាត់ បញ្ញាសុជាតក៍ និងលោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា វគ្គនេះមានសិក្ខាកាមចំនួន ៣៦នាក់ចូលរួមមកពី ១០ប្រទេសចូលរួម គឺមានកម្ពុជា ហ្សកដានី អេហ្ស៊ីប ហ្គាមប៊ី ប៊ុលហ្គារី កេនយ៉ា ស៊ូដង់ខាងត្បូង ហ្គ្រេនដា តុងហ្គោ ណាមីប៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៤-២៩ ខែមិថុនា ឆ្នាំ២០២៦។
ក្រោយបញ្ចប់ការសិក្សា ២សប្ដាហ៍ បានផ្ដល់នូវផលទ្ធផលសំខាន់ៗជាច្រើន សម្រាប់សិក្ខាកាមចូលរួម ពិសេសសិក្ខាកាមពីប្រទេសកម្ពុជារួមមាន៖
១. បង្កើនចំណេះដឹងអំពីគោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែងរបស់ប្រទេសចិន។
២. ស្វែងយល់ពីការរៀបចំ និងអភិវឌ្ឍអត្តពលិក ចាប់ពីការជ្រើសរើស ទៅដល់ការហ្វឹកហាត់កម្រិតខ្ពស់។
៣. រៀនពីការគ្រប់គ្រងមជ្ឈមណ្ឌលហ្វឹកហាត់ ក្រុមជម្រើសជាតិ និងសហព័ន្ធកីឡា។
៤. ទទួលបានចំណេះដឹងអំពីវិទ្យាសាស្ត្រកីឡា រួមមានការហ្វឹកហាត់ អាហារូបត្ថម្ភ វេជ្ជសាស្ត្រកីឡា និងការវិភាគទិន្នន័យ។
៥. ស្វែងយល់ពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។
៦. សិក្សាពីការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យកីឡា។
៧. ចែករំលែកបទពិសោធន៍ជាមួយមន្ត្រីកីឡាពីប្រទេសផ្សេងៗ និងពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
៨. បានទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលហ្វឹកហាត់ សាកលវិទ្យាល័យ និងស្ថាប័នកីឡាឈានមុខរបស់ប្រទេសចិន ដើម្បីសិក្សាពីការអនុវត្តជាក់ស្តែង។
៩. ពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកីឡាប្រកួតប្រជែងនៅប្រទេសកម្ពុជា។
១០. អាចយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មកអនុវត្តក្នុងការលើកកម្ពស់គុណភាពការគ្រប់គ្រង ការហ្វឹកហាត់ និងការអភិវឌ្ឍអត្តពលិក ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងអន្តរជាតិ។
សរុបមកវគ្គបណ្តុះបណ្តាលនេះបានពង្រឹងទាំង ចំណេះដឹង ទស្សនវិស័យ ជំនាញគ្រប់គ្រង និងបណ្តាញសហប្រតិបត្តិការអន្តរជាតិ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យកីឡាប្រកួតប្រជែងនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។
ទន្ទឹមជាមួយគ្នា ប្រតិភូកីឡាជំនាញកម្ពុជា ក៏បានអរគុណថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង NOCC ដែលបានគាំទ្រ ជឿជាក់ លើកទឹកចិត្ត និងផ្តល់ជូននូវឱកាសទៅចូលរួមវគ្គបណ្ដុះបណ្ដាលដ៏សំខាន់នេះ ព្រមទាំងសាស្រ្តាចារ្យ អ្នកជំនាញ និងភាគីពាក់ព័ន្ធនៅចិន ដែលបានខិតខំចែករំលែកនូវចំណេះដឹង បទពិសោធន៍ល្អៗ ដល់សិក្ខាកាមគ្រប់បណ្ដាប្រទេស។ ក្នុងនាមប្រតិភូកីឡាកម្ពុជាសង្ឃឹមទៀតថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាកកម្ពុជា នឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនៅតែភាពជាដៃគូដ៏យូរអង្វែង ជាពិសេសតាមរយៈវិស័យកីឡា និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែរឹងមាំនាពេលអនាគត៕











