សភាទាំងពីររបស់អាមេរិក ប្រជែងគ្នាចេញច្បាប់ក្តៅ រឹតបន្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដើម្បីការពារកុមារលើអនឡាញ

30-06-2026 11:54

(បរទេស)៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយដែលមានឈ្មោះថា «ច្បាប់ស្តីពីអ៊ីនធឺណិត និងសុវត្ថិភាពឌីជីថលសម្រាប់កុមារ» (Kids Internet and Digital Safety Act) ក្នុងសំឡេងឆ្នោតគាំទ្រយ៉ាងលើសលប់ ២៦៧ ទល់នឹង ១១៧។ វិធានការនេះធ្វើឡើងក្នុងគោលបំណងបង្ខំឱ្យក្រុមហ៊ុនបណ្តាញសង្គមនានា ដាក់ចេញនូវប្រព័ន្ធការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ និងផ្តល់ជម្រើសសម្រាប់យុវជនក្នុងការកម្រិតមុខងារអនឡាញដែលធ្វើឱ្យជក់ចិត្ត ឬញៀន។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ការផ្លាស់ប្តូររបស់សភាតំណាងរាស្ត្រនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់សាធារណជន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សជុំវិញផលប៉ះពាល់អវិជ្ជមាន និងគ្រោះថ្នាក់នានាលើប្រព័ន្ធអ៊ីនធឺណិតដែលបានកើតឡើងចំពោះយុវជនវ័យក្មេង។

ទោះជាយ៉ាងណា ការអនុម័តនេះត្រូវបានគេមើលឃើញថា អាចនឹងបង្កើតឱ្យមានការខ្វែងគំនិតគ្នាក្នុងការចរចាជាមួយព្រឹទ្ធសភាអាមេរិក ដែលជាកន្លែងដែលសមាជិកសភាគាំទ្រស្តង់ដារតឹងរ៉ឹងជាងនេះ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅ ព្រឹទ្ធសភាធ្លាប់បានអនុម័តសេចក្តីព្រាងច្បាប់ផ្ទាល់ខ្លួនមួយរួចមកហើយ គឺ «ច្បាប់ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ» (Kids Online Safety Act ឬ KOSA) ក្នុងសំឡេងឆ្នោតគាំទ្រគំហុក ៩១ ទល់នឹង ៣ ដែលជាច្បាប់មានវិធានការក្តៅ និងរឹតបន្តឹងជាងមុន។

សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភានោះ នឹងកំណត់ «កាតព្វកិច្ចមើលថែទាំ» (duty of care) យ៉ាងតឹងរ៉ឹងបំផុតលើក្រុមហ៊ុនបណ្តាញសង្គមនានា នៅពេលនិយាយដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេង។ ដើម្បីដោះស្រាយភាពខុសគ្នារវាងសភាទាំងពីរ លោកស្រី Marsha Blackburn សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ បានបញ្ជាក់ថា លោកស្រី «បាននិងកំពុងចរចាជាមួយសេតវិមាន ដើម្បីទទួលបានការគាំទ្រសម្រាប់កញ្ចប់ច្បាប់រួមមួយ ដែលនឹងរួមបញ្ចូលទាំងសេចក្តីព្រាងច្បាប់នេះផងដែរ» ក្នុងគោលដៅរុញច្រានឱ្យច្បាប់ការពារកុមារដ៏រឹងមាំមួយនេះ អាចលេចចេញជារូបរាងជាផ្លូវការទូទាំងប្រទេស៕