ក្រុមហ៊ុនលំដាប់ពិភពលោក Amazon រងការប្តឹងផ្តល់នៅអូស្ត្រាលី ជុំវិញការបង្ខំឱ្យអ្នកប្រើប្រាស់ទស្សនាពាណិជ្ជកម្មលើ Prime Video

30-06-2026 14:41

(បរទេស)៖ ស្ថាប័នរឹតបន្តឹងការប្រកួតប្រជែងរបស់ប្រទេសអូស្ត្រាលី (ACCC) បានសម្រេចចិត្តដាក់ពាក្យប្តឹងក្រុមហ៊ុនបុត្រសម្ព័ន្ធប្រចាំប្រទេសអូស្ត្រាលីរបស់ក្រុមហ៊ុន Amazon ទៅកាន់តុលាការ។ ការប្តឹងផ្តល់នេះធ្វើឡើងក្រោមការចោទប្រកាន់ថា កិច្ចសន្យាជាវសេវាកម្ម Prime របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មានបង្កប់នូវលក្ខខណ្ឌមិនយុត្តិធម៌ ដើម្បីលួចដាក់បញ្ចូលការផ្សាយពាណិជ្ជកម្មទៅក្នុងកម្មវិធីទស្សនាវីដេអូ Prime Video ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកជាវសេវាកម្មប្រចាំឆ្នាំជាង ១ លាននាក់ដោយគ្មានការផ្តល់សំណង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២៦។

ជុំវិញករណីនេះ លោកស្រី Gina Cass-Gottlieb ប្រធានស្ថាប័ន ACCC បានមានប្រសាសន៍យ៉ាងច្បាស់ថា៖ «យើងចោទប្រកាន់ថា ក្រុមហ៊ុន Amazon AU បានបញ្ចូលលក្ខខណ្ឌមិនយុត្តិធម៌ជាច្រើននៅក្នុងកិច្ចសន្យារបស់ខ្លួនជាមួយអ្នកជាវសេវាកម្ម Prime ប្រចាំឆ្នាំរបស់អូស្ត្រាលី ហើយបន្ទាប់មកបានពឹងផ្អែកលើលក្ខខណ្ឌទាំងនេះដើម្បីនាំយកការផ្សាយពាណិជ្ជកម្មចូលទៅក្នុង Amazon Prime Video»

ប្រភពដដែលបានឱ្យដឹងថា បន្ទាប់ពីខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់ដែលចង់ទស្សនាវីដេអូដោយគ្មានការរំខានពីពាណិជ្ជកម្ម ត្រូវបង្ខំចិត្តបង់ប្រាក់បន្ថែម ២,៩៩ ដុល្លារអូស្ត្រាលីក្នុងមួយខែ ទោះបីជាពួកគេបានបង់ប្រាក់កញ្ចប់ប្រចាំឆ្នាំជាមុនចំនួន ៧៩ ដុល្លារអូស្ត្រាលីរួចរាល់ហើយក៏ដោយ។ បច្ចុប្បន្ន ស្ថាប័ន ACCC កំពុងទាមទារឱ្យតុលាការប្រកាសទោស ពិន័យជាប្រាក់ និងទាមទារការសងសំណងជូនអ្នកប្រើប្រាស់វិញ។

ជាការឆ្លើយតបតាមរយៈអ៊ីមែលទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Amazon ប្រចាំប្រទេសអូស្ត្រាលីបានគូសបញ្ជាក់ថា ក្រុមហ៊ុន «កំពុងពិនិត្យមើលករណីដែលប្តឹងដោយ ACCC យ៉ាងលម្អិត» ហើយក៏បានសហការជាមួយស្ថាប័នរឹតបន្តឹងនេះពេញមួយដំណើរការស៊ើបអង្កេតកន្លងមកផងដែរ៕