វិសាខា ចែកផ្លូវជាមួយអ្នកចាំទី ហ៊ុល គឹមហ៊ុយ ក្រោយនាំចូល ហាវ សុខនេត្រ ពីក្រុមដំរីជ័យ ISI
30-06-2026 15:06
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយប្រកាសចែកផ្លូវជាមួយអ្នកចាំទីឆ្នើម ហ៊ុល គឹមហ៊ុយ នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះ បន្ទាប់ពីពួកគេបាននាំចូលខ្សែប្រយុទ្ធវ័យក្មេង ហាវ សុខនេត្រ ពីក្លិប ISI ដង្កោសែនជ័យ។
ការចែកផ្លូវជាមួយអ្នកចាំទីដ៏មានសក្ដានុពលខាងលើ ស្របពេលកំពុងមានពាក្យចរចាមអារ៉ាម អំពីការផ្លាស់ប្ដូរកីឡាករគ្នារវាងវិសាខា និងក្រុមដំរីជ័យ ISI ក្រោយមានការផ្ទេរខ្សែប្រយុទ្ធមាឌធំកម្ពស់បាន ហាវ សុខនេត្រ អ្នកជឿថា គឹមហ៊ុយ នឹងត្រូវផ្ទេរទៅកាន់ទឹកដីតំបន់វេងស្រេង។
យ៉ាងណាមិញព័ត៌មានដ៏រសើបនេះ ត្រូវរង់ចាំការប្រកាសជាផ្លូវការ ដ្បិតវិសាខាបានបង្ហើបពីការផ្ទេរអតីតអ្នកចាំទីសាលាបាល់ទាត់ជាតិបាទី និងបឹងកេតរូបនេះ ទៅកាន់ក្លិបកម្ពុជាមួយទៀត ក្រោមខណ្ឌខ្ចីជើង តែមិនទាន់បញ្ជាក់ពីទ្រនំថ្មីដែល គឹមហ៊ុយ ត្រូវចូលរួមនារដូវកាលថ្មីឡើយ។
គួរដឹងថា ហ៊ុល គឹមហ៊ុយ បានចូលរួមជាមួយវិសាខា ពីឆ្នាំ២០២៣-២០២៦ ក្រោយចំណាយពេល ៥រដូវកាលជាមួយបឹងកេត នៅចន្លោះឆ្នាំ២០១៨-២០២២។ ដូច្នេះនេះគឺជាការផ្លាស់ប្ដូរលើកទី២ និងជាក្លិបអាជីពទី៣ ដែលអ្នកចាំទីមានដើមកំណើតពីខេត្តតាកែវរូបនេះ ត្រូវប្រាកបអាជីព ក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទីកាលពីឆ្នាំ២០១៨។
ក្រឡេកទៅចាប់អារម្មណ៍ការផ្ទេរ ហាវ សុខនេត្រ ពីក្លិប ISI ដង្កោសែនជ័យ ទៅកាន់វិសាខាវិញ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលផងដែរ។ គេរំពឹងវត្តមានខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ មិនត្រឹមតែអាចរួមចំណែកជួយក្លិបនោះទេ តែក៏ជាឱកាសអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមបន្ដបេសកកម្មជួយក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគតផងដែរ៕







