ធ្លាយឯកសារសម្ងាត់៖ បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ និងរូបថត iPhone 18 Pro ត្រូវបានលាតត្រដាង ក្រោយក្រុមហ៊ុន Tata រងការវាយប្រហារ
30-06-2026 16:03
(បរទេស)៖ អាថ៌កំបាំងផលិតកម្មដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុតរបស់ក្រុមហ៊ុន Apple ត្រូវបានលេចធ្លាយនៅលើបណ្តាញ Dark Web បន្ទាប់ពីក្រុម Hackers បានវាយប្រហារជំរិតទារប្រាក់ទៅលើក្រុមហ៊ុន Tata Electronics ដែលជាដៃគូផលិតកម្មដ៏សំខាន់របស់ Apple នៅក្នុងប្រទេសឥណ្ឌា។
យោងតាមឯកសារផ្ទៃក្នុងដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន បានឱ្យដឹងថា ទិន្នន័យដែលលេចធ្លាយនោះរួមមាន បញ្ជីឈ្មោះលម្អិតនៃសមាសភាគគ្រឿងបន្លាស់ ឈ្មោះក្រុមហ៊ុនអ្នកផ្គត់ផ្គង់ ព្រមទាំងរូបថតនៃការធ្វើតេស្តទម្លាក់ (Drop-test) របស់ទូរស័ព្ទស៊េរីថ្មី iPhone 18 Pro ដែលមិនទាន់ប្រកាសផ្សព្វផ្សាយជាផ្លូវការនៅឡើយ។
មានឯកសារយ៉ាងហោចណាស់ ៦ច្បាប់ ដែលបង្ហាញពីការភ្ជាប់គ្រឿងបន្លាស់របស់ iPhone 18 Pro ទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ជាក់លាក់នីមួយៗ រួមមាន បន្ទះឈីបនៅលើបន្ទះសៀគ្វីមេ (Main Circuit Board), គ្រឿងបន្លាស់ថ្ម និងប្រព័ន្ធកាមេរ៉ា។ ជាធម្មតា ព័ត៌មានទាំងនេះត្រូវបាន Apple លាក់បាំងយ៉ាងជិតដិតបំផុត និងមិនដែលបញ្ចេញជាសាធារណៈឡើយ។ ក្នុងនោះក៏មានរូបថតគំរូដើមរបស់ iPhone 18 Pro ដោយនៅក្នុងថតឯកសារ (Folder) ដែលធ្លាយនោះ មានរូបថតជាច្រើនសន្លឹកដែលថតកាលពីដើមឆ្នាំ២០២៦ បង្ហាញពីសកម្មភាពធ្វើតេស្តទម្លាក់ទូរស័ព្ទនៅក្នុងរោងចក្ររបស់ Tata។ រូបថតទាំងនោះបង្ហាញពីទូរស័ព្ទរាងជ្រុងធម្មតា ពណ៌ប្រផេះ មានកាមេរ៉ាក្រោយ ៣គ្រាប់ និងមានឡូហ្គោ Apple ចំកណ្តាល។ ឯកសារខ្លះថែមទាំងមានជាប់ Watermark ពាក្យថា «Confidential», (ការសម្ងាត់) របស់ Apple ទៀតផង។ ក្រុម Hacker ដែលហៅខ្លួនឯងថា «World Leaks» បានបង្ហោះទិន្នន័យលួចដែលបានពី Tata ជាង ២០០,០០០ ឯកសារ (ស្មើនឹងជាង ៦៣០ GB)។ ក្រៅពី iPhone 18 Pro វាក៏មានផ្ទុកឯកសាររចនាប្លង់ iPhone ស៊េរីមុនៗ គ្រឿងបន្លាស់របស់ក្រុមហ៊ុន Tesla ព្រមទាំងឯកសារទាក់ទងនឹងក្រុមហ៊ុន TSMC និង Qualcomm ផងដែរ។
ការលេចធ្លាយដ៏ធំនេះ បានកើតឡើងចំពេលដែលទំនាក់ទំនងរវាង Apple និង Tata ក្រោមកិច្ចព្រមព្រៀងផលិតកម្មកំពុងមានភាពរីកចម្រើនខ្លាំង។ ប្រទេសឥណ្ឌា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Narendra Modi កំពុងជំរុញខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិចពិភពលោក ដោយក្នុងឆ្នាំ២០២៦ នេះ ឥណ្ឌាត្រូវបានរំពឹងថានឹងដំឡើងទូរស័ព្ទ iPhone រហូតដល់ ២៦% នៃចំនួនសរុបលើពិភពលោក (កើនឡើងពី ៦% កាលពី ៤ ឆ្នាំមុន)។ បច្ចុប្បន្ន ខាងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple និង Tata Electronics មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះសំណួររបស់ Reuters នៅឡើយទេ។ ទោះជាយ៉ាងណា ប្រភពផ្ទៃក្នុងបានទម្លាយថា Apple កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងសហការជាមួយ Tata ដើម្បីស៊ើបអង្កេតករណីនេះ។
ចំណែកឯក្រុមហ៊ុន Tata បានរឹតបន្តឹងការចូលទៅកាន់ប្រព័ន្ធផ្ទៃក្នុងរបស់ខ្លួន និងបានជួលក្រុមហ៊ុនប្រឹក្សាយោបល់លំដាប់ពិភពលោក ដើម្បីធ្វើសវនកម្មកោសល្យវិច័យឌីជីថល (Forensic Audit) ស្វែងរកប្រភពនៃការជ្រៀតជ្រែកនេះ។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទស៊េរីថ្មី iPhone 18 Pro និង iPhone 18 Pro Max ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ខាងមុខនេះហើយ។ ការធ្លាយព័ត៌មានមុនពេលកំណត់បែបនេះ អាចធ្វើឱ្យ Apple បាត់បង់ប្រៀបក្នុងការចរចាតម្លៃជាមួយដៃគូផ្គត់ផ្គង់ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនគូប្រជែង ឬក្រុមផលិតទូរស័ព្ទក្លែងក្លាយ អាចមើលឃើញពីបច្ចេកវិទ្យាផ្ទៃក្នុងរបស់ខ្លួនបានយ៉ាងងាយស្រួល៕








