Uber បញ្ចប់ភាពជាដៃគូរថយន្តតាក់ស៊ីគ្មានមនុស្សបើកជាមួយ Waymo នៅទីក្រុង Phoenix ខណៈត្រៀមបោះដៃរកដៃគូថ្មី
01-07-2026 09:16
(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្មហៅរថយន្តជិះលំដាប់ខ្នាតយក្ស Uber និងក្រុមហ៊ុនបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ Waymo (ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet) បានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការលើសេវាកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើក (Robotaxi) នៅក្នុងទីក្រុង Phoenix រដ្ឋ Arizona ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ការសម្រេចចិត្តដើរចេញពីគ្នាលើគម្រោងសាកល្បងនេះ ធ្វើឡើងក្នុងខណៈពេលដែល Uber កំពុងរៀបចំខ្លួនបើកដំណើរការភាពជាដៃគូរថយន្តស្វ័យប្រវត្តិដាច់ដោយឡែកថ្មីមួយទៀតនៅក្នុងទីក្រុងដដែលនេះ បើទោះបីជាក្រុមហ៊ុនយក្សមួយនេះ មិនទាន់ដាច់ចិត្តបញ្ចេញឈ្មោះអត្តសញ្ញាណនៃដៃគូថ្មីនោះក៏ដោយ។
គួររំលឹកថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនទាំងពីរបានចាប់ដៃគ្នាបង្កើតកម្មវិធីសាកល្បងមួយ ដោយ Uber បានដាក់បញ្ចូលរថយន្តស្វ័យប្រវត្តិរបស់ Waymo ទៅក្នុងប្រព័ន្ធបណ្តាញហៅរថយន្ត និងសេវាកម្មដឹកជញ្ជូនអាហាររបស់ខ្លួន។ ជុំវិញការបញ្ចប់ការសាកល្បងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Uber បានគូសបញ្ជាក់ថា៖ «ទីក្រុង Phoenix គឺជាទីផ្សារសាកល្បងដំបូងបង្អស់របស់យើងជាមួយ Waymo ហើយវាជាការដាក់ពង្រាយក្នុងកម្រិតកំណត់មួយដោយចេតនា ដែលមានរថយន្តត្រឹមតែជាងដប់គ្រឿងប៉ុណ្ណោះដែលត្រូវបានបម្រុងទុកសម្រាប់កម្មវិធីនេះ»។
ទោះបីជាកម្មវិធីសាកល្បងនៅទីក្រុង Phoenix ត្រូវបញ្ចប់ក្តី ប៉ុន្តែរថយន្តគ្មានមនុស្សបើករបស់ Waymo នឹងនៅតែបន្តមានផ្តល់ជូននៅលើកម្មវិធី Uber ក្នុងទីក្រុង Austin និងទីក្រុង Atlanta ដដែល។ ដោយឡែក រថយន្តស្វ័យប្រវត្តិដែលត្រូវបានដកចេញពីកម្មវិធី Uber នៅ Phoenix ត្រូវបានក្រុមហ៊ុន Waymo នាំយកទៅដាក់បញ្ចូលក្នុងក្រុមរថយន្តផ្ទាល់ខ្លួនវិញ ដែលអ្នកប្រើប្រាស់នៅក្នុងតំបន់នោះនៅតែអាចហៅជិះបានតាមរយៈកម្មវិធីផ្ទាល់របស់ Waymo (Waymo One app)។
យោងតាមប្រភពព័ត៌មានដដែល ការប្រកាសបញ្ចប់ភាពជាដៃគូនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Waymo បានជួបប្រទះបញ្ហាបច្ចេកទេស ដោយត្រូវបង្ខំចិត្តប្រមូលរថយន្តតាក់ស៊ីគ្មានមនុស្សបើកជិត ៣,៩០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកត្រឡប់មកវិញ កាលពីអំឡុងឆ្នាំ២០២៤ កន្លងទៅ។ ការប្រមូលត្រឡប់មកវិញនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ហាផ្នែកប្រព័ន្ធកម្មវិធី (Software) ដែលបណ្តាលឱ្យរថយន្តភាន់ច្រឡំបើកបរចូលទៅក្នុងតំបន់ការដ្ឋានសំណង់ផ្លូវល្បឿនលឿនដែលត្រូវបានគេបិទ និងបានបុកទង្គិចជាមួយនឹងរបាំងផ្លូវ៕










