គ្រូបង្វឹក Koeman ចុះចេញពីតំណែងជាលើកទី២ ក្រោយហូឡង់ ហាលអាវត្រឹមវគ្គ ៣២ក្រុមនៅ World Cup 2026

01-07-2026 09:38

(បរទេស)៖ លោក Ronald Koeman បានលាឈប់ពីតួនាទីគ្រូបង្វឹកភ្លាមៗតែម្តង ក្រោយក្រុមមច្ចុរាជទឹកក្រូចហូឡង់បានជ្រុះពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយចាញ់ម៉ារ៉ុកដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនាម្សិលមិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកទី២ របស់អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ វ័យ ៦៣ឆ្នាំ ដែលបានលាឈប់ពីតួនាទីគ្រូបង្វឹកហូឡង់ ដោយសារមិនអាចជួយក្រុមរងជើងឯក World Cup 2010 មួយនេះ ឆ្លងទៅកាន់វគ្គ ១៦ក្រុមបាន។

នៅខ្លាំងនៅអឺរ៉ុប ហូឡង់ដែលជាប់ចំណាត់ថ្នាក់លេខ៣ កាលនៅ World Cup 2014 បានបើកការនាំមុខក្រុមមកពីតំបន់អាហ្រ្វិក ម៉ារ៉ុក មុនពេលរបូត ១គ្រាប់វិញនៅចុងម៉ោង និងបន្តរហូតដល់ចប់ ១២០នាទីស្មើគ្នា ១-១ មុនទាត់បាល់ប៉េណាល់ទីកាត់សេចក្តីចាញ់ ២-៣ ស្ថិតក្នុងទីក្រុង Monterrey ប្រទេសមិចស៊ិក។

ការចុះចេញពីតំណែងលើកនេះ លោក Ronald Koeman ក៏ទំនងជាចូលនិវត្តន៍ពីគ្រូបង្វឹកទៀតផង ដ្បិតរូបលោកបាន រងការរិះគន់ និងម៉ាក់ងាយសាសន៍យ៉ាងដំណំ រួមទាំងជាមួយសហការីរបស់លោក Koeman ផងដែរ។

រឿងនេះក៏ធ្លាប់បានកើតឡើងផងដែរ ចំពោះកីឡាករក្រុមតោកំណាចអង់គ្លេសរួមមាន Marcus Rashford, Bukayo Saka និង Jadon Sancho ជាដើម ក្រោយពេលពួកគេបានទាត់បាល់ប៉េណាល់ទីអត់ចូលកាលផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប UEFA Euro 2020 ដែលអង់គ្លេសបានចាញ់ក្រុមភ្ញៀវអាសូរីអ៉ីតាលី កាលឆ្នាំ២០២១ នៅកីឡដ្ឋាន Wembley របស់ខ្លួន៕