ក្រុមហ៊ុន Microsoft គ្រោងកាត់បន្ថយបុគ្គលិកក្រោម ២.៥% ក្នុងរលកបញ្ឈប់ការងារចុងក្រោយ

01-07-2026 10:49

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងមានផែនការកាត់បន្ថយចំនួនបុគ្គលិកក្នុងកម្រិតក្រោម ២.៥% នៅក្នុងរលកនៃការបញ្ឈប់ការងារចុងក្រោយបង្អស់របស់ខ្លួន ដែលការប្រកាសផ្លូវការអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយផ្អែកលើប្រភពផ្ទៃក្នុង។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗនៅឡើយទេ។

ជាការកត់សម្គាល់ បណ្តាក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិកបាននិងកំពុងបន្តកាត់បន្ថយចំនួនបុគ្គលិកជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ រលកថ្មីនៃការបញ្ឈប់ការងារនេះបានរីករាលដាលពាសពេញវិស័យបច្ចេកវិទ្យា, ប្រព័ន្ធផ្សព្វផ្សាយ និងហិរញ្ញវត្ថុ ខណៈពេលដែលក្រុមហ៊ុនទាំងនោះព្យាយាមគ្រប់គ្រងនិងកាត់បន្ថយការចំណាយ ដើម្បីបង្វែរថវិកាទៅវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) វិញ។ ការបញ្ឈប់បុគ្គលិកនេះ នឹងប៉ះពាល់ដល់មុខតំណែងរាប់ពាន់កន្លែង រួមទាំងផ្នែកលក់ (Sales), ផ្នែកប្រឹក្សាយោបល់ (Consulting) ក៏ដូចជាការងារនៅក្នុងផ្នែកហ្គេម Xbox ផងដែរ។ ចំពោះរបាយការណ៍នេះ ក្រុមហ៊ុន Microsoft បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយនោះទេ។ សារព័ត៌មាន The Information បានរាយការណ៍កាលពីដើមខែមិថុនាថា ក្រុមហ៊ុនផលិតប្រព័ន្ធប្រតិបត្តិការ Windows មួយនេះ ក៏កំពុងពិចារណាលើជម្រើសនានាសម្រាប់ផ្នែកហ្គេម Xbox របស់ខ្លួន រួមទាំងលទ្ធភាពបំបែកខ្លួនចេញ (Spinoff) ឬការរៀបចំរចនាសម្ព័ន្ធឡើងវិញទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុង។

គួររំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន Microsoft បានប្រកាសថានឹងបញ្ឈប់បុគ្គលិកជិត៤% នៃកម្លាំងពលកម្មសរុបរបស់ខ្លួន ដែលជាការបញ្ឈប់បុគ្គលិកដ៏ធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងវិស័យបច្ចេកវិទ្យាទាំងមូល មិនមែនមានតែ Microsoft នោះទេ ដោយក្រុមហ៊ុន Meta ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិក ១០% នៅក្នុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុន Amazon បានដាក់ចេញនូវផែនការលុបបំបាត់ការងារប្រហែល ១៦,០០០ កន្លែងនៅទូទាំងពិភពលោកផងដែរ៕