ទំនាក់ទំនងល្អជាមួយរុស្ស៊ី នាំឲ្យកម្ពុជាបង្កើតសហព័ន្ធកីឡាសាំបូ ជាផ្លូវការ ដោយមានលោកបណ្ឌិត ថោង ខុន ជាប្រធាន

01-07-2026 11:53

(ភ្នំពេញ)៖ សហព័ន្ធកីឡាសាំបូកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានសមាជិកប្រតិបត្តិចំនួន ១៣រូប និងមានលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានសហព័ន្ធ។

មហាសន្និបាត អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ស្ដីពីការបង្កើតសហព័ន្ធកីឡាជាថ្មីនេះ មានការចូលរួមជាសក្ខីភាពពីលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសំាបូអាស៊ី និងអូសេអានី (SUAO) និងជាតំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ (FIAS), លោក Sergey Novosetslev លេខាទី១ នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ជាដើម។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា មហាសន្និបាតបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា នាពេលនេះ គឺស្របតាមការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្សី លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡា និងចលនាអូឡាំពិក ពិសេសជាមួយនឹងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-រុស្សី ដែលមានរយៈពេល ៧០ឆ្នាំកន្លងមក។

លោកទេសរដ្ឋមន្ដ្រីបន្ដថា បន្ទាប់ពីមានជំនួបពិភាក្សាការងារជាមួយលោក Suresh Gopi និង លោក Maxim តំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ ចំនួន ២លើក ក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងបំពេញលក្ខខណ្ឌតម្រូវផ្សេងៗ ស្របតាមធម្មនុញ្ញរបស់សហព័ន្ធកីឡាសាំបូអន្តរជាតិ ក៏ដូចជាគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ចលនាអូឡាំពិកកម្ពុជា ទើបជំរុញឲ្យមានការបង្កើតសហព័ន្ធជាតិជាផ្លូវការនាពេលនេះ។

សំាបូ គឺជាកីឡាប្រយុទ្ធ និងសិល្បៈការពារខ្លួន ត្រូវបានបង្កើតផ្លូវការនៅឆ្នាំ១៩៣៨ នៅរុស្ស៊ី ដែលដឹកនាំដោយ FIAS និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅឆ្នាំ២០២១។ បន្ទាប់មកកីឡានេះ ក៏ត្រូវបានបញ្ចូលជាកីឡាមួយ ដែលបានការគាំទ្រពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នៅឆ្នាំ២០១៤ ហើយបញ្ចូលក្នុងព្រឹត្តិការណ៍អាស៊ីជាច្រើន ដូចជា Asian Beach Games, Asian Indoor and Martial Arts Games និង Asian Youth Games ជាដើម គ្រាដែលចំពោះមុខ OCA ក៏ត្រៀមបញ្ចូលកីឡាសាំបូ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន ហើយកម្ពុជា ក៏នឹងខំប្រឹងដើម្បីអាចដាក់បញ្ចូលកីឡានេះ ក្នុងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។

ដូច្នេះការបង្កើតសហព័ន្ធនៅកម្ពុជានាពេលនេះ នឹងក្លាយជាកាលានុវត្តភាពថ្មីមួយសម្រាប់ចលនាអូឡាំពិកកម្ពុជា ក្នុងការស្វែងរកឧត្តមភាពកីឡានៅលើឆាកអន្តរជាតិបន្ថែមទៀត។ តាងនាមចលនាអូឡាំពិកនៅកម្ពុជា និងជាប្រធានសហព័ន្ធផ្ទាល់ លោកបណ្ឌិត ថោង ខុន បានអរគុណមន្ដ្រីជាន់ខ្ពស់ និងអ្នកជំនាញមកពី SUAO និង FIAS ដែលបានគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ហើយលោកជឿជាក់ថា សហព័ន្ធអន្ដរជាតិ នឹងបន្ដការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍគុណផលកីឡាករ-កីឡាការិនី ការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងគាំទ្រលើសម្ភារបរិក្ខាបច្ចេកទេសផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍ ឆ្ពោះទៅរកការប្រកួតប្រជែងនាពេលដ៏ខ្លីខាងមុខ។

គួរដឹងថា សហព័ន្ធកីឡាសាំបូកម្ពុជា ត្រូវបានអង្គមហាសន្និបាត SUAO ដែលរៀបចំនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ បោះឆ្នោតអនុម័តគាំទ្រជាឯកច្ឆន្ទទទួលស្គាល់សហព័ន្ធជាសមាជិកបណ្តោះអាសន្ន ហើយកម្ពុជានឹងបន្តនីតិវិធីសុំស្នើជាសមាជិកពេញសិទ្ធិ តាមរយៈការរៀបចំមហាសន្និបាត អាណត្តិទី១ ដើម្បីបំពេញលក្ខខណ្ឌស្នើសុំការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា, NOCC និង FIAS។

ចំពោះសមាជិកប្រតិបត្តិអាណត្តិទី១ របស់សហព័ន្ធ ក្រៅពីមានលោកបណ្ឌិត ថោង ខុន ជាប្រធាន គឺមានលោក វ៉ាត់ ចំរើន, លោក អ៊ុក សិទ្ធិជាតិ, លោក ជា បូរ៉ា, លោក វ៉ា ស៊ិនភីរម្យ, លោក មាម រ៉ា និងលោក សេង ប៊ុនសុង ជាអនុប្រធាន, លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការង អគ្គហេរញ្ញិក និងសមាជិក ៥រូបផ្សេងទៀត៕