Lampard តកិច្ចសន្យាថ្មីដឹកនាំក្លិប Coventry ដល់ឆ្នាំ២០២៩ ក្រោយរួមចំណែកជួយក្លិបនេះឡើងមក Premier League វិញ

01-07-2026 13:04

(បរទេស)៖ គ្រូបង្វឹក Frank Lampard បានបន្តកិច្ចសន្យាថ្មី ដើម្បីដឹកនាំក្លិប Coventry City ដល់ឆ្នាំ២០២៩ បន្ទាប់ពីដឹកនាំក្លិបនេះឈ្នះជើងឯកក្របខណ្ឌទី២ អង់គ្លេស Championship និងទទួលបានកៅអី១ ឡើងមកលេងនៅ Premier League វិញផងដែរ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤៨ឆ្នាំរូបនេះ បានចូលដឹកនាំ Sky Blue នារដូវកាលមុន ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាបំណាច់រដូវកាលឆ្នាំ២០២៦-២៧ ស្របពេលអតីត ខ្សែបម្រើតោកំណាចអង់គ្លេសរូបនេះ ក៏ត្រូវបានក្លិប Fulham ទាក់ទងទៅនឹងដឹកនាំទៀតផង។

Lampard ដែលទាត់បញ្ចូលទីបាន ១៧៧គ្រាប់កាលនៅជាខ្សែបម្រើអាជីព និងក្លិបតោខៀវ Chelsea ផងនោះ បានប្តេជ្ញាចិត្តជាមួយ Conventry ដែលពួកគេត្រៀមបង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ឡើងវិញ ក្រោយបាត់មុខអស់ ២៥ឆ្នាំ។

ក្រុមរហស្សនាម «Sky Blue» ត្រូវប្រឈមមុខនឹងម្ចាស់ការពារតំណែងជើងឯក Arsenal នៅថ្ងៃបើកឆាករដូវកាលថ្មី ឆ្នាំ ២០២៦-២៧ នារាត្រីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។

នៅចាំបានថា Frank Lampard បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឯក្លិប Derby County មុនពេលផ្លាស់ទៅដឹកនាំ Chelsea បាន ២លើក និង Everton ផងដែរ មុនឈានចូលដឹកនាំ Coventry City ដល់បច្ចុប្បន្ននេះ៕