មហាឌឺ! ប្រធានសន្តិសុខជាតិអាមេរិក រាំផង! អរផង! ក្រោយដឹងថា អ៉ីរ៉ង់ជ្រុះចេញពី World Cup 2026
01-07-2026 14:50
(បរទេស)៖ លោក Markwayne Mullin ដែលជាប្រធានសន្តិសុខជាតិអាមេរិកថ្មីបាននិយាយថា រូបលោកសប្បាយចិត្ត និងបានច្រៀងផង រាំផង នៅពេលដឹងថា ក្រុមជម្រើសជាតិអ៉ីរ៉ង់បានហាលអាវ ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ត្រឹមវគ្គចែកពូល។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមមកពីតំបន់អាស៊ី អ៉ីរ៉ង់បានជ្រុះចេញពី World Cup លើកទី២៣ ក្រោយលេង ៣ប្រកួតប្រចាំពូល G ដោយសារតែគ្រាប់បាល់ចំណេញ (goal difference) នៅពេលប្រកួតចុងក្រោយលេងស្មើនឹងក្រុមមកពីអាហ្រ្វិក អេហ្ស៊ីប ១-១។
បន្ទាប់ពីក្រុមមិនអាចឆ្លងទៅវគ្គ ៣២ក្រុមបាន លោក Amir Ghalenoei គ្រូបង្វឹកអ៉ីរ៉ង់បានថ្លែងថា «ក្រុមរបស់លោកពិតជាអភ័ព្វជាងគេ ដែលត្រូវមកលេង World Cup នៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមជាមួយគ្នា»។
ការហាលអាវត្រឹមវគ្គចែកពូល ៤៨ក្រុម នាំឱ្យលោក Markwayne Mullin ដែលបានក្លាយជាប្រធានសន្តិសុខជាតិ សហរដ្ឋអាមេរិកជំនួសតំណែងលោក Kristi Noem កាលពីអំឡុងខែមីនា ឆ្នាំ២០២៦ បានថ្លែងឱ្យដឹងកាលពីថ្ងៃចន្ទថា «ខ្ញុំគ្រាន់តែសប្បាយចិត្តដែលពួកគេបានប្រកួតចប់សព្វគ្រប់ ហើយពួកគេក៏នឹងមិនត្រឡប់មកវិញទៀតដែរ។ ខ្ញុំសប្បាយចិត្ត ពេលពួកគេអាចដកវីសា ដើម្បីចាកចេញពីទឹកដីអាមេរិកបាន ជាហេតុធ្វើឱ្យខ្ញុំអាចច្រៀងចម្រៀង និងរាំដោយសប្បាយរីករាយបានហើយ»។
សូមរំលឹកផងថា នៅអំឡុងប្រកួត World Cup 2026 អ៉ីរ៉ង់មិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសអាមេរិកឡើយ លើកលែងតែការប្រកួតប៉ុណ្ណោះ ពោលគឺស្នាក់នៅ និងហ្វឹកហាត់នៅមិចស៊ិក ដែលជាប្រទេសសហរដ្ឋម្ចាស់ផ្ទះ World Cup 2026។
អ៉ីរ៉ង់ លេង ៣ប្រកួតក្នុងពូល G មិនចាញ់ និងឈ្នះឡើយ គឺស្មើទាំង ៣លើកតែម្តង ជាមួយនឹងឱកាសឡើងវគ្គ ៣២ក្រុមចុងក្រោយ ក្នុងនាមក្រុមលេខ៣ ល្អ ក្នុងចំណោម ៨ក្រុម ក៏ប៉ុន្តែពួកគេត្រូវបានប្រកាសហាលអាវតែម្តង នៅពេលអាល់ហ្សេរី និងអូទ្រីស បញ្ចប់ក្នុងលទ្ធផល ៣-៣ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕



