ធនាគារ ABA សហការជាមួយក្រុមហ៊ុនធានារ៉ាប់រង អេទីកា ពង្រីកវិសាលភាពសេវាធានារ៉ាប់រងទូទៅតាមឌីជីថល ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេសងាយស្រួលទទួល
01-07-2026 15:26
(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា និងមានអតិថិជនក្នុងដៃប្រមាណ ៥លាននាក់ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុនធានារ៉ាប់រង អេទីកា (EGIC) ដែលជាសមាជិកនៃសម្ពន្ធអេទីកាអាស៊ាន ដើម្បីពង្រីកវិសាលភាពសេវាធានារ៉ាប់រងទូទៅកាន់តែទូលំទូលាយទូទាំងប្រទេស។
ដំណាក់កាលដំបូងនៃកិច្ចសហការនេះ នឹងផ្តោតលើការផ្ដល់សេវាធានារ៉ាប់រងជូនម្ចាស់អចលនទ្រព្យ ម្ចាស់យានយន្ដ និងអ្នកធ្វើដំណើរ។ កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើការរួមបញ្ចូលផ្លែតហ្វមសេវាធនាគារឌីជីថលឈានមុខក្នុង ទីផ្សាររបស់ ABA ជាមួយនឹងជំនាញការបស់ អេទីកា ក្នុងការផ្តល់នូវសេវាធានារ៉ាប់រងទូទៅ ប្រកបដោយ ភាពងាយស្រួលនិងជាទីទុកចិត្ត។
ភាពជាដៃគូនេះត្រូវបានប្រកាសជាផ្លូវការ តាមរយៈពិធីចុះហត្ថលេខាក្រោមអធិបតីភាពលោកស្រី តាន់ លីនណា អគ្គនាយិការងនៃនិយតករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីតំណាងជាន់ខ្ពស់មកពីធនាគារABA និងក្រុមហ៊ុន Etiqa។
ចាប់ផ្តើមជាមួយធានារ៉ាប់រងអគ្គិភ័យ ហើយបន្ដទៅដល់ធានារ៉ាប់រងលើយានយន្ដ និងធានារ៉ាប់រងលើការធ្វើដំណើរភាពជាដៃគូនេះ ចាប់ផ្តើមដោយការដាក់ដំណើរការសេវាធានារ៉ាប់រងអគ្គិភ័យ ស្របទៅតាមការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការកើនឡើងនៃតម្រូវការសម្រាប់ការការពារទ្រព្យសម្បត្តិពេញលេញ។ ផលិតផលនេះ សម្រាប់ទាំងអតិថិជនកម្ចី និងអតិថិជនមិនមានកម្ចី តាមរយៈបណ្តាញលក់ដ៏ទូលំទូលាយរបស់ ABA ទូទាំងប្រទេស។
នៅក្នុងដំណាក់កាលបន្ទាប់ ធានារ៉ាប់រងលើយានយន្ដ និងធានារ៉ាប់រងលើការធ្វើដំណើរ នឹងដាក់បញ្ចូលទៅក្នុងកម្មវិធី ABA Mobile ស្របទៅតាមការរស់នៅដ៏សកម្មរស់រវើករបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការការការពារលើយានជំនិះ និងការធ្វើដំណើរផ្ទាល់ខ្លួន។ ទិញតាមឌីជីថល បានធានារ៉ាប់រងភ្លាមៗ ស្នើសំណង – គឺគ្រប់យ៉ាងចុចតែតាម ABA Mobile ចំណុចពិសេសនៃភាពជាដៃគូនេះ គឺបទពិសោធសេវាធានារ៉ាប់រងឌីជីថលទាំងស្រុងប្រកប ដោយភាពងាយស្រួល។ តាមរយៈការចេញបណ្ណសន្យារ៉ាប់រងភ្លាមៗ ផលិតផលថ្មីនេះ នឹងធានាបានថា អតិថិជនទទួលបានការការពារភ្លាមៗ ក្រោយពីធ្វើការទិញដោយជោគជ័យលើ ABA Mobile ។
តាមកម្មវិធី ABA Mobile អតិថិជនអាច៖
* ទិញធានារ៉ាប់រង
* ទទួលបានបណ្ណសន្យារ៉ាប់រងភ្លាមៗ
* ដាក់ស្នើសំណង
* ទទួលបានការប្រឹក្សាពីផ្នែកគាំទ្រអតិថិជន
សន្ធានកម្មនេះ ប្រើប្រាស់ប្រជាប្រិយភាពយ៉ាងទូលំទូលាយ និងកេរ្ដិ៍ឈ្មោះរឹងមាំជាទីទុកចិត្តរបស់ ABA Mobile ក្នុងនាមជាផ្លែតហ្វមធនាគារនិងសេវាទូទាត់ឌីជីថលឈានមុខរបស់កម្ពុជា ដោយផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការគ្រប់គ្រង ទាំងសេវាធនាគារ និងសេវាធានារ៉ាប់រងនៅកន្លែងតែមួយ។
លោក Zhiger Atchabarov នាយកប្រតិបត្តិរង និងជានាយកប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា «ជាមួយភាពជាដៃគូនេះ ធនាគារ ABA កំពុងបោះជំហានដ៏សំខាន់ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីក្នុងការប្រែក្លាយជាអេកូស៊ីស្ទែមហិរញ្ញវត្ថុមានសន្ធានកម្មពេញលេញ។ សេវាធានារ៉ាប់រងទូទៅគឺជាធាតុផ្សំដ៏សំខាន់ដែលបំពេញបន្ថែមដល់សេវាធនាគារប្រចាំថ្ងៃ»។
លោកបន្ថែមថា «តាមរយៈកិច្ចសហការរួមគ្នាជាមួយក្រុមហ៊ុន អេទីកា យើងនឹងធ្វើឲ្យសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ដែលអតិថិជនងាយស្រួលទទួលបាន ហើយមានប្រយោជន៍ជាក់ស្ដែងសម្រាប់ពួកគាត់ ដោយដាក់បញ្ចូលសេវាធានារ៉ាប់រងនេះដោយផ្ទាល់ទៅក្នុង ABA Mobile ជាអេបដែលអតិថិជនកំពុងប្រើប្រាស់សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគាត់ស្រាប់។ វត្តមានសេវាធានារ៉ាប់រង ក្នុង ABA Mobile មិនត្រឹមតែអាចឲ្យយើងខ្ញុំផ្ដល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្ដែជាការផ្ដល់នូវការការពារហិរញ្ញវត្ថុយ៉ាងពេញលេញ នៅកន្លែងតែមួយ ជាមួយបទពិសោធដ៏រលូនស្រួល»។
អ្នកស្រី Rozan Asmath អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង អេទីកា មានប្រសាសន៍ «ក្រុមហ៊ុនធានារ៉ាប់រង អេទីកា មានសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ដ្រជាមួយធនាគារ ABA ដើម្បីសម្រួលដល់ការទទួលបានធានារ៉ាប់រងទូទៅតាមបណ្ដាសាខា ABA និងនៅក្នុងកម្មវិធីធនាគារលើទូរស័ព្ទដៃ ABA Mobile។ ការដាក់បញ្ចូលផលិតផល និងសេវាធានារ៉ាប់រងទូទៅរបស់ អេទីកា ទៅក្នុង ABA Mobile ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរ សំដៅផ្ដល់នូវដំណោះស្រាយគាំពារនានាយ៉ាងរលូនស្រួល និងសាមញ្ញ ដែលអាចឲ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ប្រកបដោយទំនុក»។
ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន អេទីកា ដែលជាស្ថាប័នផ្តល់សេវាធានារ៉ាប់រងនៅតំបន់អាស៊ាន ក្រោមសម្ពន្ធមេយប៊ែង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា ផ្តល់ជូននូវដំណោះស្រាយការពារដ៏ទូលំទូលាយសម្រាប់បុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូជាមួយធនាគារABA នេះ គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន ដែលមានគោលបំណងពង្រីកវត្តមានរបស់យើង និងជំរុញផលិតផលនវានុវត្ត ដើម្បីគាំទ្រដល់ទិដ្ឋភាពសេវាធានារ៉ាប់រងរបស់ប្រទេសកម្ពុជាដែលបន្ដរីកចម្រើនទៅមុខជាលំដាប់។
ការបង្កើនវិសាលភាព និងលទ្ធភាពទទួលបានសេវាធានារ៉ាប់រងរបស់កម្ពុជា ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង អេទីកា បង្ហាញនូវការប្តេជ្ញាចិត្តរួម ចំពោះការពង្រឹងភាពធន់នៃហិរញ្ញវត្ថុ និងការពង្រីកលទ្ធភាពទទួលបានសេវាធានារ៉ាប់រងជាទីទុកចិត្ត និងមានគុណភាពខ្ពស់។ កិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរ បានកំណត់នូវស្ដង់ដារថ្មីមួយសម្រាប់ភាពងាយស្រួល លទ្ធភាពចូលប្រើសេវាឌីជីថល និងបទពិសោធរបស់អតិថិជននៅក្នុងទិដ្ឋភាពវិស័យធានារ៉ាប់រងទូទៅរបស់កម្ពុជា៕







