TikTok ព្រមព្រៀងដោះស្រាយក្រៅតុលាការជាមួយយុវជនម្នាក់ ជុំវិញបណ្តឹងបំផ្លាញសុខភាពផ្លូវចិត្តកុមារ

01-07-2026 16:59

(បរទេស)៖ ក្រុមហ៊ុន TikTok បានព្រមព្រៀងជាគោលការណ៍ក្នុងការដោះស្រាយបញ្ចប់បណ្តឹងមួយក្រៅប្រព័ន្ធតុលាការ ជាមួយយុវជនអាយុ ១៥ ឆ្នាំម្នាក់មកពីរដ្ឋផ្លរីដា (តំណាងដោយឈ្មោះអក្សរកាត់ R.K.C.) ដែលបានប្តឹងចោទប្រកាន់ថា វេទិកានេះបានបំផ្លាញសុខភាពផ្លូវចិត្តរបស់ខ្លួន។ យោងតាមឯកសារតុលាការ យុវជនរូបនេះបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាំងពីអាយុ ៨ ឆ្នាំ ហើយបានអះអាងថា៖ «រូបគេបានញៀននឹងប្រព័ន្ធនេះ រហូតដល់បាត់បង់ការគេង និងទទួលរងការឈឺចាប់ពីជំងឺបាក់ទឹកចិត្ត រួមទាំងជំងឺព្រួយបារម្ភខ្លាំង»។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃប្រាក់សំណងមិនទាន់ត្រូវបានទម្លាយឡើយ ចំណែកតំណាង TikTok ក៏មិនទាន់ផ្តល់ការអត្ថាធិប្បាយបន្ថែមដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦។

ករណីរបស់យុវជន R.K.C. គ្រាន់តែជាផ្នែកមួយនៃរលកបណ្តឹងដ៏ធំប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សប៉ុណ្ណោះ។ ដំបូងឡើយ រូបគេបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនចំនួន ៤ គឺ YouTube, Instagram, Snapchat និង TikTok ក្រោមការចោទប្រកាន់ថា វេទិកាទាំងនេះត្រូវបានរចនាឡើងក្នុងគោលបំណង «ធ្វើឱ្យកុមារញៀន និងបង្កឱ្យមានវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមយុវវ័យ»។ ក្នុងចំណោមនោះ YouTube បានដោះស្រាយរួចរាល់កាលពីខែមិថុនា ខណៈដែល Instagram (Meta) និង Snapchat នៅតែត្រូវប្រឈមមុខនឹងការឡើងតុលាការដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកក្កដាខាងមុខ។

បច្ចុប្បន្ន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនានាកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយមានបណ្តឹងស្រដៀងគ្នានេះជាង ៣,៣០០ ករណីនៅក្នុងតុលាការរដ្ឋកាលីហ្វ័រញ៉ា និងជាង ២,៦០០ ករណីទៀតនៅក្នុងតុលាការសហព័ន្ធ ដែលប្តឹងដោយបុគ្គលឯកជន សាលារៀន និងអាជ្ញាធរក្រុង-រដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ «ក្រុមហ៊ុនទាំងនោះបានបដិសេធការចោទប្រកាន់ទាំងឡាយ ហើយបាននិយាយថា ពួកគេបានចាត់វិធានការយ៉ាងទូលំទូលាយដើម្បីរក្សាសុវត្ថិភាពដល់យុវវ័យ និងអ្នកប្រើប្រាស់វ័យក្មេងនៅលើវេទិការបស់ពួកគេ»

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះចាញ់ក្តី ឬបង្ខំចិត្តសងលុយដោះស្រាយក្រៅតុលាការ។ កាលពីការជំនុំជម្រះលើកដំបូង គណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុន Meta និង Google ពិតជាមានការធ្វេសប្រហែសប្រាកដមែន ដោយបង្គាប់ឱ្យ Meta បង់ប្រាក់ ៤.២ លានដុល្លារ និង Google បង់ ១.៨ លានដុល្លារទៅឱ្យនារីរងគ្រោះម្នាក់។ លើសពីនេះ មណ្ឌលសិក្សាធិការមួយក្នុងរដ្ឋ Kentucky ក៏ធ្លាប់ទទួលបានប្រាក់សំណងរួមគ្នារហូតដល់ ២៧ លានដុល្លារពីក្រុមហ៊ុនទាំង ៤ នេះផងដែរ មុនពេលករណីប្តឹងផ្តល់ឈានដល់ការកាត់ក្តីពេញទំហឹង៕