«ប៉េង ហួត» សហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រៀបចំកម្មវិធី «១០០០ដើមនៃនិរន្តរភាព» ជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង»
01-07-2026 17:38
(កំពត)៖ ក្នុងគោលបំណងបង្កើនគម្របបៃតង បណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងចូលរួមចំណែកសម្រេចឱ្យបាន នូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ប៉េង ហួត គ្រុប មានក្តីសោមនស្សរីករាយដែលបានសហការជាមួយ មន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច និងអង្គការអភិរក្ស (IUCN) រៀបចំកម្មវិធីដាំកូនឈើ «១០០០ ដើមនៃនិរន្តរភាព» ទទួលបានភាពជោគជ័យប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។
កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ក្នុ្ងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរស្ថាន។ ពិធីដាំកូនឈើនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណតំបន់រមណីយដ្ឋាន-ភ្នំកំពង់ត្រាច ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាជម្រកជីវចម្រុះសំខាន់ៗជាច្រើន សម្រាប់ទេសចរណ៍ និងការសិក្សាស្រាជ្រាវ។
នៅក្នុងឱកាសនោះ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត មានប្រសាសន៍លើកទឹកចិត្តថា «នារដូវវស្សានេះ សូមចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងបង្កើនគម្របបៃតង»។
កម្មវិធីដាំកូនឈើនេះមានការចូលរួមយ៉ាងសស្រាក់សស្រាំ និងទទួលខុសត្រូវពីមន្ទីរបរិស្ថានខេត្តកំពត, រដ្ឋបាលស្រុកកំពង់ត្រាច, ព្រះសង្ឃ, អាជ្ញាធរភូមិ-ឃុំ, ប្រជាការពារ, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស, យុវជន ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានសរុបប្រមាណ ៥០០នាក់ ដោយដាំកូនឈើសរុបចំនួន ១,០០០ដើម ក្នុងនោះរួមមាន ដើមត្នោត ៤០០ដើម, ដើមគគី ២០០ដើម, ដើមឈើទាល ២០០ដើម និងដើមក្ងោក ២០០ដើម។
សូមចូលរួមដាំដើមឈើទាំងអស់គ្នា ដែលកិច្ចការនេះមិនត្រឹមតែជួយការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបណ្តុះនូវកេរមរតកបៃតង និងលើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុកឱ្យកាន់តែមាននិរន្តរភាព និងបរិស្ថានភពផែនដី៕












