បញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបវិសាខា ការពារជើងឯកតេជោលីគ លើកទី៣ ក្រោយយកឈ្នះគូប្រជែង ៣-០ រៀងខ្លួន
01-07-2026 19:18
(ភ្នំពេញ)៖ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និង វិសាខា បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រជាថ្មី នៃព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ ក្រោយយកឈ្នះគូប្រជែង ដោយលទ្ធផល ៣-០សិតរៀងខ្លួន ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី០១ ខែកក្កដានេះ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ជំនួបដ៏កក្រើកនេះ ក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ២សិតដំបូង បានយ៉ាងឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀង ទាំងប្រផិតប្រផើយ ដោយពិន្ទុ ២៥-២៣ ដូចគ្នា ខណៈចូលសិតទី៣ ក្រុមជើងឯក ២សម័យនេះ បានយកឈ្នះយ៉ាងងាយក្នុងពិន្ទុ ២៥-១២។ ចំណែកវិសាខា បានយកឈ្នះដាច់ទាំង ៣សិត លើក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយពិន្ទុ ២៥-១៩, ២៥-១៥ និង ២៥-១៤។
ជ័យជម្នះនេះ នាំឲ្យបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ត្រូវជួបគ្នាជាលើកទី៣ ក្នុងព្រឹត្តិការណ៍បាល់ទះតេជោលីគ ដ្បិតជួបគ្នា ២រដូវកាលកន្លងមក វិសាខា មិនធ្លាប់ឈ្នះបញ្ជាការដ្ឋានអង្គរក្សឡើយ។ ដូច្នេះចាំមើលតើរដូវកាលទី៣ នេះ វិសាខា អាចបញ្ចប់ដំណើរឆ្ពោះទៅគ្រងជើងឯកជាលើកទី៣ របស់បញ្ជាការដ្ឋានអង្គរក្សបានដែលឬទេ?
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រតេជោលីគ រដូវកាលទី៣ គ្រោងនឹងធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកក្កដាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ប៉ុន្ដែមុនឈានដល់ការប្រកួតកាត់សេចក្ដីរកក្រុមជើងឯក ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញផងដែរ៕












